(ញូយ៉ក)៖ មនុស្សប្រមាណ ៤០នាក់ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងញូយ៉ក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) កំឡុងបាតុកម្មតវ៉ាដ៏កក្រើកមួយ ដើម្បីទាមទាររកយុត្តិធម៌ ឱ្យបុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ (George Floyd) ដែលបានបាត់បង់ជីវិតនៅក្នុងទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋមីនណេសូតា (Minnesota)។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។

មនុស្សច្រើនជាង ១០០នាក់បានប្រមូលផ្ដុំគ្នានៅក្នុងសង្កាត់ មែនហាត់ថាន់ (Manhattan) ដើម្បីសម្ដែងការខឹងសម្បាររបស់ពួកគេ ក៏ដូចជាទាមទារយុត្តិធម៌ឱ្យលោក George Floyd ដែលបានស្លាប់កំឡុងត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ Floydត្រូវបានប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុង Minneapolis យកជង្គង់សង្កត់ករហូតដល់ស្លាប់ បើទោះជារូបគេបានសុំអង្វរ និងស្រែកប្រាប់ថា មិនអាចដកដង្ហើមបានយ៉ាងណាក៏ដោយ។ ក្រុមបាតុករក៏បានស្រែកពាក្យស្លោក «ខ្ញុំមិនអាចដកដង្ហើម» នៅក្នុងបាតុកម្មតវ៉ារបស់ពួកគេផងដែរ។ ប៉ុន្តែបាតុកម្មតវ៉ាបានប្រែទៅជាអំពើហិង្សារវាងប៉ូលិស និងក្រុមបាតុករ ហើយជាលទ្ធផលមនុស្ស ៤០នាក់ត្រូវបានចាប់ខ្លួន។

គួរបញ្ជាក់ថា បាតុកម្មតវ៉ាប្រឆាំងនឹងអំពើហិង្សាប្រព្រឹត្តឡើងដោយប៉ូលិសស្បែកស លើពលរដ្ឋអាមេរិកស្បែកខ្មៅ បានផ្ទុះឡើងដូចគ្នានៅតាមទីក្រុងជាច្រើនទៀត​នៃសហរដ្ឋអាមេរិក ដូចជាទីក្រុង ឡូសអាន់ជែលែស (Los Angeles), មែមភីស (Memphis) និងជាពិសេសនៅទីក្រុង Minneapoli នៃរដ្ឋ Minnesota ជាទីដែលអភិបាលរដ្ឋលោក ធីម វ៉លស៍ (Tim Walz) ប្រកាសដាក់រដ្ឋមួយក្នុងភាពអាសន្នកាលពីថ្ងៃព្រហស្បតិ៍៕