(រីយ៉ូ)៖ វាជារឿងមិនធម្មតាឡើយសម្រាប់ប្រេស៊ីល ដែលកំពុងឈរនៅលំដាប់លេខ ២ ជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកស្រាប់ទៅហើយនោះ ទើបតែបានបំបែកកំណត់ត្រាដ៏អាក្រក់ថ្មីមួយទៀត នោះគឺការរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅ ២៦,៤១៧នាក់ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៤៣៨,២៣៨ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។

បន្ថែមពីខាងលើនេះ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) រយៈពេលមួយថ្ងៃដូចគ្នា អ្នកជំងឺ COVID-19 ប្រមាណ ១,១៥៦នាក់បន្ថែមទៀតបានបាត់បង់ជីវិត ធ្វើឲ្យចំនួនសរុបនៃអ្នកស្លាប់កើនដល់ ២៦,៧៥៤នាក់។ បើគិតពីអត្រាស្លាប់វិញ ប្រេស៊ីលបានជួបប្រទះអ្នកស្លាប់លើស ១,០០០នាក់ក្នុងមួយថ្ងៃបែបនេះ ប្រមាណបីថ្ងៃជាប់ៗគ្នាមកហើយ។

គួរបញ្ជាក់ថា នៅក្នុងចំណោមករណីឆ្លងសរុបខាងលើនេះ ក៏មានអ្នកជាសះស្បើយឡើងវិញសរុប ១៧៧,៦០៤នាក់រួចមកហើយដែរ។ សម្រាប់តំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺរដ្ឋសៅប៉ូឡូ ជាមួយនឹងករណីឆ្លងសរុប ៩៥,៨៦៥ករណី (ស្លាប់ ៦,៩៨០នាក់) និងទីក្រុងរីយ៉ូដឺចេណេរ៉ូ មានសរុប ៤៤,៨៨៦ករណី (ស្លាប់ ៤,៨៥៦នាក់)។ ប្រទេសប្រេស៊ីលមានផ្ទៃដីធំ និងប្រជាជនសរុបជាង ២១០លាននាក់ ដែលច្រើនជាងគេបំផុតនៅអាមេរិកឡាទីន៕