(បង់ក្លាដែស)៖ ស្រ្តីជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ាម្នាក់ បានរៀបរាប់រឿងរ៉ាវដ៏គួរឲ្យខ្លោចផ្សាបំផុតមួយ ស្តីពីការប៉ុនប៉ងលួចឆ្លងដែនចូលទៅកាន់ម៉ាឡេស៊ី ប៉ុន្តែទីបំផុតបានត្រឡប់មកជំរំភៀសខ្លួននៅបង់ក្លាដែសវិញ បន្ទាប់ពីនៅតែលតោលលើទូកកណ្តាលផ្ទៃសមុទ្រ អស់រយៈពេលប្រមាណជាពីរខែ ជាមួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាងរាប់រយនាក់ផ្សេងទៀត។

ស្រ្តីខាងលើមានឈ្មោះថា ខាឌីហ្សា បេហ្គាំ (Khadiza Begum) អាយុ ៥០ឆ្នាំ គឺជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលបានរត់គេចខ្លួនពីអំពើហិង្សានៅមីយ៉ានម៉ា មកជ្រកកោននៅជំរំភៀសខ្លួនក្នុងប្រទេសក្បែរខាងគឺបង់ក្លាដែស។ ដូចជាជនជាតិខ្លួនជាច្រើននាក់ផ្សេងទៀតដែរ លោកស្រី Khadiza មានក្តីស្រមៃចង់បានជីវិតមួយដែលល្អប្រសើរជាងនេះ នៅប្រទេសម៉ាឡេស៊ី។ ក៏ប៉ុន្តែក្តីស្រមៃរបស់លោកស្រី បានប្រែក្លាយជាក្តីសុបិនដ៏អាក្រក់មួយ។

កាលពីខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី Khadiza បានសម្រេចចិត្តលក់គ្រឿងអលង្ការដែលខ្លួនមានបាន ៧៥០ដុល្លារ ដើម្បីឲ្យក្រុមអ្នកលួចនាំមនុស្សឆ្លងដែនរៀបចំទូក ឲ្យពួកគេដើម្បីចាកចេញពីបង់ក្លាដែស ឆ្ពោះទៅកាន់ម៉ាឡេស៊ី។ បើតាមការអះអាងរបស់លោកស្រី ការធ្វើដំណើរលើទូកនោះ គឺមានការលំបាកជាខ្លាំង ដោយវាពោរពេញដោយមនុស្សកកកុញ ហើយខ្វះទឹកប្រើប្រាស់ និងអនាម័យថែមទៀត។ ប៉ុន្តែថ្ងៃក្រោយមក ក៏មានករណីមនុស្សស្លាប់ជាលើកដំបូងនៅលើទូក ហើយវាមិនបញ្ចប់ត្រឹមនោះឡើយ។

ក្រោយធ្វើដំណើរបាន ០៧ថ្ងៃ ដោយឆ្លងកាត់ព្យុះផងភ្លៀងផង ទីបំផុតក្រុមជនភៀសខ្លួនរ៉ូហ៉ីងយ៉ាទាំងនេះ ក៏បានមើលឃើញ ឆ្នេរប្រទេសម៉ាឡេស៊ីជាលើកដំបូង។ នៅចំណុចនោះ ពួកគេក៏បានរង់ចាំទូកតូចៗមកដឹកពួកខ្លួនទៅកាន់ដីគោក ប៉ុន្តែគ្មានទូកណាមួយបានមកឡើយ ដោយសារតែឆ្មាំសមុទ្រម៉ាឡេស៊ីរឹតបន្តឹងសន្តិសុខ ចំពោះមុខការរាតត្បាត COVID-19។

ពួកគេបានព្យាយាម ២-៣លើក ប៉ុន្តែនៅតែមិនអាចលួចឆ្លងចូលប្រទេសម៉ាឡេស៊ីបាន ជាហេតុធ្វើឲ្យទូកនោះត្រូវតែលតោលលើផ្ទៃឆកសមុទ្រ បឹងហ្គាល់ (Bengal) ដោយមិនដឹងថាត្រូវឈប់នៅទីណា ហើយនៅចំពោះមុខការខ្វះខាតស្បៀងអាហារ សម្រាប់ហូបចុកថែមទៀត។ ប៉ុន្មានថ្ងៃកន្លងផុតទៅ នៅពេលទូកតូចមួយបានមកដល់ ម្ចាស់ទូក និងកូនចៅមួយចំនួន ក៏បានចុះទូកនោះហើយយករួចខ្លួនបាត់ ។

យ៉ាងណាមិញក្រុមជនភៀសខ្លួន និងអ្នកធ្វើការលើទូកដែលនៅសល់ប៉ុន្មាននាក់ ក៏អាចតម្រង់ទូកនោះសំដៅទៅរកបង់ក្លាដែសវិញ។ ទីបំផុតលោកស្រី Khadiza ក៏បានមើលឃើញឆ្នេរប្រទេសបង់ក្លាដែសជាលើកដំបូង ក្រោយរសាត់អណ្តែតលើផ្ទៃសមុទ្រ គ្មានឃើញកោះឃើញត្រើយអស់រយៈពេលប្រមាណជា ២ខែ។

ក្រោយចំណាយពេលធ្វើចត្តាឡីស័ក ក្រោមវិធានការការងារ COVID-19 អស់ ០២សប្តាហ៍ លោកស្រី Khadiza បានត្រឡប់ទៅជំរំខ្លួនវិញ ប៉ុន្តែក៏ដឹងថាកន្លែងចាស់របស់លោកស្រី ត្រូវបានគេចូលស្នាក់នៅបាត់ទៅហើយ។ លោកស្រីក៏គ្មានសង្ឃឹមវិលទៅមីយ៉ាន់ម៉ា ដើម្បីរស់នៅសាជាថ្មីវិញដែរ។ ឥឡូវលោកស្រី ត្រូវជ្រកកោននៅកន្លែងតូចចង្អៀតមួយជាមួយកូនប្រុស និងកូនស្រីលោកស្រី នៅក្នុងជំរំភៀសខ្លួននៃប្រទេសបង់ក្លាដែសដដែល។

លោកស្រី Khadiza និយាយដូច្នេះថា «ខ្ញុំបានបាត់បង់អ្វីៗទាំងអស់ ដោយសារតែក្តីសម្រៃរបស់ខ្ញុំ ចូរកុំប្រព្រឹត្តនូវកំហុសដែលខ្ញុំបានធ្វើឲ្យសោះ»