(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ ត្រូវបានគណបក្ស Bersatu របស់លោកផ្ទាល់ សម្រេច បណ្តេញចេញពីបក្ស បន្ទាប់ពីរូបលោកបានអង្គុយនៅខាងក្រុមប្រឆាំង កំឡុងកិច្ចប្រជុំសភាកាលពីថ្ងៃទី១៨ ខែឧសភា។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។

យោងតាមសេចក្តីថ្លែងការណ៍នាថ្ងៃព្រហស្បតិ៍នេះ ពីគណបក្ស Bersatu សមាជិកភាពរបស់លោក មហាធៀ គឺត្រូវបានដកចោល ហើយការដកនេះមានសុពលភាពភ្លាមៗតែម្តង។ ការបណ្តេញលោក មហាធៀ ចេញពីបក្សបែបនេះ គឺត្រូវគេមើលឃើញថា ដោយសារតែលោកមិនគាំទ្ររដ្ឋាភិបាលម៉ាឡេស៊ីបច្ចុប្បន្ន។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីថ្មី លោក Muhyiddin Yassin គឺជាប្រធាន បក្ស Bersatu ខណៈតំណែងរបស់លោក មហាធៀ គឺប្រធានក្រុមប្រឹក្សាភិបាលរបស់គណបក្សនេះ។

គួរជម្រាបថា លោក មហាធៀ មហាំម៉ាត់ បានលាលែងពីតំណែងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដែលពេលនោះបាននាំឲ្យប្រទេសម៉ាឡេស៊ីធ្លាក់ក្នុងវិបត្តិនយោបាយអស់ជាច្រើនថ្ងៃ។ វិបត្តិនេះក៏បានបញ្ចប់ទៅវិញ ដោយលោក Muhyiddin ត្រូវ បានជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មី ខណៈលោក មហាធៀ ខ្លួនឯងផ្ទាល់ ចង់ត្រឡប់ទៅកាន់អំណាចវិញ។ ហេតុនេះហើយ លោក មហាធៀ ក៏បានប្រឆាំងរដ្ឋាភិបាលថ្មីរហូតមក និងថ្កោលទោសលោក Muhyiddin ថាជាជនក្បត់ថែមទៀត។

ដោយឡែក មិនមែនតែលោក មហាធៀ ប៉ុណ្ណោះទេ ដែលត្រូវបានបក្ស Bersatu បណ្តេញចេញ សមាជិកសភា០៤ទៀតក៏ត្រូវ បណ្តេញចេញដូចគ្នា ក្នុងនោះរួមមានទាំងកូនប្រុសរបស់លោកផងដែរគឺ លោក Mukhriz Mahathir៕