(ហ្សាការតា)៖ រដ្ឋមន្រ្តីផែនការឥណ្ឌូណេស៊ីនាថ្ងៃព្រហស្បតិ៍នេះ បានប្រាប់ថា កោះបាលីដែលជាគោលដៅទេសចរណ៍ដ៏ល្បីបំផុត ប្រចាំប្រទេសប្រជុំកោះឥណ្ឌូណេស៊ី ត្រូវបានរំពឹងថានឹងបើកទ្វារអាជីវកម្មឡើងវិញនៅខែកក្កដា ឆ្នាំ២០២០។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។

អាជីវកម្មនានានៅលើកោះបាលី ត្រូវបានបិទដំណើរការអស់រយៈពេលខ្ទង់ពីរខែមកហើយ ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅលើពិភពលោក។ ជាលទ្ធផលវាបានបណ្តាលឲ្យកំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ីមានការថយចុះ។ បើយោងតាម របាយការណ៍របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ប្រការនេះបានធ្វើឲ្យបាលីក្លាយជាតំបន ដែលរងការប៉ះពាល់យ៉ាងខ្លាំងបំផុតមួយពី COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី បើគិតអំពីផ្នែកសេដ្ឋកិច្ច។

គួរជម្រាបថា គម្រោងបើកដំណើរការវិស័យទេសចរណ៍កោះបាលីឡើងវិញនេះ ត្រូវបានប្រកាស បន្ទាប់ពីករណីឆ្លងនៅលើកោះ នេះផ្ទាល់ អាចចាត់ទុកថា មានចំនួនទាបគឺ៤២០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ខណៈករណីនៅទូទាំងប្រទេសឥណ្ឌូណេស៊ីវិញ មានដល់ទៅជាង២៤,០០០នាក់។ នៅលើកោះបាលី អ្នកជំងឺជាង៣០០នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ រីឯ៤នាក់ បានស្លាប់៕