(បាងកក)៖ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈ ប្រទេសថៃបានជួបប្រទះករណីឆ្លងលើស ១០ករណីក្នុងមួយថ្ងៃឡើងវិញ នៅក្នុងរបាយការណ៍ COVID-19 ប្រចាំថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ ថៃបានរកឃើញអ្នកឆ្លង COVID-19 រហូតដល់ ១១នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លង COVID-19 សរុបកើនឡើងដល់ ៣,០៦៥ករណី ក្នុងនោះស្លាប់ ៥៧នាក់ និងជាសះស្បើយឡើងវិញរហូតដល់ ២,៩៤៥។ អាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ១១ករណីថ្មីនេះគឺសុទ្ធតែជាជនជាតិថៃ ដែលទើបត្រឡប់មកពី ឥណ្ឌា កាតា និងគូវ៉ែត ដែលសុទ្ធតែជាប្រទេសកំពុងផ្ទុះការឆ្លងជំងឺ COVID-19 យ៉ាងខ្លាំងក្លា។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ រដ្ឋាភិបាលថៃបានសម្រេចចិត្ត អូសបន្លាយពេលដាក់ប្រទេសក្នុងគ្រាអាសន្ន រហូតដល់ចុងខែមិថុនា ឆ្នាំ២០២០ ដោយសារតែការមើលឃើញប្រទេសជាច្រើនទៀត កំពុងតែបន្តប្រយុទ្ធប្រឆាំងនឹងជំងឺនេះនៅឡើយ ហើយស្ថានការណ៍ COVID-19 នៅប្រទេសថៃក៏មិនទាន់មានស្ថិរភាពនោះដែរ៕