(អាមេរិក)៖ បាតុកម្មបានផ្ទុះឡើងនៅទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋមីនណេសូតា (Minnesota) សហរដ្ឋអាមេរិក បន្ទាប់ពីបុរសស្បែកខ្មៅម្នាក់ ដែលត្រូវប៉ូលិសស្បែកម្នាក់យកជង្គង់សង្កត់ក បានបាត់បង់ជីវិតពេលទៅដល់មន្ទីរពេទ្យ កាលពីដើមសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Aljazeera នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។

ក្រុមអ្នកតវ៉ាបានស្រែកទាមទាររកយុត្តិធម៌ សម្រាប់បុរសស្បែកខ្មៅខាងលើ ដែលមានឈ្មោះថា ចច ហ្វ្លយដ៍ (George Floyd)។ ការធ្វើបាតុកម្មដែលបាន ចាប់ផ្តើមពីផ្លូវបំបែកមួយ ជាទីដែលលោក Floyd ត្រូវប៉ូលិសសង្កត់ឲ្យក្រាបទៅលើថ្នល់ ខណៈដែលរូបលោកគ្មានអាវុធជាប់នឹងខ្លួនផងនោះ បានរាលទៅដល់មូលដ្ឋានប៉ូលិសមួយកន្លែងប្រចាំទីក្រុង Minneapolis ហើយអំពើហិង្សាក៏បានផ្ទុះ ដោយប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ ខណៈផ្នែកខ្លះនៃអគារប៉ូលិស និងរថយន្តប៉ូលិសមួយគ្រឿងបានរងការខូចខាត។

គួរជម្រាបថា យោងតាមឃ្លីបវីដេអូមួយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ គេឃើញប៉ូលិសអាមេរិកស្បែកសម្នាក់ លត់ជង្គង់សង្កត់ពីលើករបស់ លោក Floyd ដែលនៅក្រាបនឹងផ្លូវថ្នល់ ទោះបីជាលោក Floyd បានអង្វរថា លោកពិបាកដកដង្ហើមក៏ដោយ។ ទីបំផុតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បុរសស្បែកខ្មៅរូបនោះក៏បានបាត់បង់ជីវិត។ មន្រ្តីប៉ូលិស ០៤នាក់នៅទីក្រុង Minneapolis ដែលពាក់ព័ន្ធក្នុងហេតុការណ៍ឃាត់ខ្លួន លោក Floyd ក៏ត្រូវបានបញ្ឈប់ពីការងារ ប៉ុន្តែមានការទាមទារឲ្យអ្នកទាំងនោះ​ត្រូវទទួលទោសតាមផ្លូវច្បាប់៕