(វ៉ាស៊ីនតោន)៖ ក្រុមពាណិជ្ជករនៅទូទាំងសហរដ្ឋអាមេរិក បានអំពាវនាវឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ឆ្លើយតបដោយយឺតៗចំពោះបញ្ហាទីក្រុងហុងកុង ដោយពួកគេបានព្រមានថា ការដកហូតឋានៈពិសេសរបស់ហុងកុង ក្នុងការធ្វើពាណិជ្ជកម្មជាមួយអាមេរិកនោះ នឹងធ្វើឲ្យសេដ្ឋកិច្ច និងប្រជាជននៅក្នុងទីក្រុងនេះរងគ្រោះ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។

ការអំពាវនាវរបស់ក្រុមពាណិជ្ជករអាមេរិកខាងលើនេះ បានកើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានប្រកាសថា ទីក្រុងហុងកុងលែងមានសិទ្ធិស្វ័យភាព ពីប្រទេសចិនទៀតហើយ ដោយយោងទៅលើច្បាប់សន្តិសុខជាតិថ្មី ដែលប្រទេសចិនកំពុងត្រៀមអនុម័ត។ បន្ថែមពីនេះ​ទីក្រុងវ៉ាស៊ីនតោនក៏កំពុងត្រៀមរៀបចំទណ្ឌកម្ម ដើម្បីដាក់លើមន្ត្រីជាន់ខ្ពស់ចិនមួយចំនួន ក៏ដូចជាការត្រៀមដកច្បាប់ ដែលខ្លួនធ្លាប់អនុវត្តចំពោះហុងកុងដាច់ដោយឡែកពីចិន នៅក្នុងរយៈពេល ២២ឆ្នាំកន្លងមកនេះផងដែរ ក្នុងនោះមានដូចជា ពាណិជ្ជកម្ម, ទិដ្ឋាការ, ការវិនិយោគ និងការគ្រប់គ្រងវិស័យនាំចេញជាដើម។

ជុំវិញបញ្ហាខាងលើ សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ក៏បានសង្កត់ធ្ងន់រួចមកហើយ​ក្នុងសប្តាហ៍នេះថា «ការបំផ្លាញឋានៈពិសេសរបស់ទីក្រុងហុងកុង គឺជាកំហុងដ៏ធ្ងន់ធ្ងរមួយ»។ ទោះបីជាបែបនេះក្តី អត្ថន័យនៃសេចក្តីព្រាងច្បាប់សន្តិសុខជាតិថ្មីរបស់ចិន ទៅលើទីក្រុងហុងកុងនោះ គឺមិនទាន់មាននរណាដឹងថា មានចែងអ្វីឲ្យខ្លះឲ្យប្រាកដឡើយ។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ អភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ បានចេញមុខបកស្រាយ​ទៅកាន់ក្រុមបាតុករប្រឆាំងថា ច្បាប់ដែលនឹងត្រូវអនុម័តនាពេលខាងមុខនេះ នឹងមិនបង្កផលប៉ះពាល់ដល់សិទ្ធិស្វ័យភាព និងសេរីភាពប្រជាជនហុងកុងនោះឡើយ។ លោកស្រី ឡាំ ថែមទាំងបានអំពាវនាវឲ្យគ្រប់គ្នា​រង់ចាំមើលអ្វីដែលមានចែងក្នុងច្បាប់នោះសិន ដោយមិនត្រូវនាំគ្នាធ្វើបាតុកម្ម ឬដាក់បន្ទុក​ទាំងដែលមិនទាន់យល់អំពីច្បាប់នោះឡើយ៕