(ម៉ូស្គូ)៖ ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ត្រូវបានសម្រេចឲ្យបិទទ្វារជាបណ្តោះអាសន្ន ហើយបុគ្គិលិកទូតទាំងអស់ ក៏ត្រូវចាកចេញពីប្រទេសនេះផងដែរ ស្ថិតនៅចំពោះមុខវិធានការរឹតបន្តឹងរបស់កូរ៉េខាងជើង ដើម្បីទប់ស្កាត់វីរុសកូរ៉ូណា (COVID-19)។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។

ជុំវិញបញ្ហាខាងលើនេះ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកូរ៉េខាងជើងលោក ខូលីន គ្រូកស៍ (Colin Crooks) បានលើកឡើងយ៉ាងដូច្នេះថា «ស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងព្យុងយ៉ាង ត្រូវបានបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ហើយបុគ្គលិកទូតទាំងអស់ត្រូវចាកពីកូរ៉េខាងជើងសិន រហូតដល់សេចក្តីសម្រេចជាថ្មីត្រូវបានធ្វើឡើង»

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ កូរ៉េខាងជើងបានដាក់ចេញ នូវវិធានការរឹតត្បិតការធ្វើដំណើរ ទៅលើបណ្តាស្ថានទូតបរទេសទាំងអស់ នៅក្នុងប្រទេសដ៏ឯកោមួយនេះ ដើម្បីទប់ស្កាត់ការឆ្លងជំងឺរាតត្បាតសកល COVID-19។ បន្ថែមពីនេះទៀតចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ មន្ត្រីទូតបរទេសទាំងអស់ត្រូវតែ ស្នាក់នៅដាច់ដោយឡែករយៈពេល ៣០ថ្ងៃ នៅកន្លែងត្រួតពិនិត្យច្រកព្រំដែន បន្ទាប់ពីបានចូលមកកាន់កូរ៉េខាងជើង។

គិតត្រឹមពេលនេះ កូរ៉េខាងជើងមិនបានទទួលស្គាល់ ឬរាយការណ៍ថា ខ្លួនមានករណីឆ្លង ឬស្លាប់ដោយសារជំងឺ COVID-19 នៅឡើយទេ ហើយមួយរយៈនេះ ក៏គ្មានព័ត៌មានសម្ងាត់ណាមួយ បានចេញមុខអះអាងការពិតជុំវិញបញ្ហានេះដែរ។ ដោយឡែកការបិទស្ថានទូតអង់គ្លេសជាបណ្តោះអាសន្ន នៅក្នុងទីក្រុងព្យុងយ៉ាងនោះ ក៏មិនមានការបញ្ជាក់មូលហេតុ ឲ្យបានច្បាស់លាស់នោះដែរ៕