(ហ្សិនជិន)៖ ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន Huawei បានបង្ហាញការខកចិត្តជាខ្លាំង​ចំពោះសេចក្តីសម្រេចដោយតុលាការការ ទៅលើលោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) ដែលជានាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះ និងជាកូនស្រីបង្កើតរបស់បិតាស្ថាបនិក Huawei។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ Huawei ចេញពីស្នាក់ការកណ្តាលរបស់ខ្លួន​ក្នុងទីក្រុងហ្សិនជិន ប្រទេសចិន​បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានបង្ហាញជំហរប្រកបដោយ​ទំនុកចិត្តដដែល ចំពោះភាពគ្មានកំហុសរបស់លោកស្រី ម៉េង។ ក្រុមហ៊ុន Huawei បន្តឈរនៅជាមួយលោកស្រី ម៉េង ដើម្បីទាមទារឲ្យបាននូវយុត្តិធម៌ និងសេរីភាពឡើងវិញ។ យើងរំពឹងថា ប្រព័ន្ធតុលាការនៅកាណាដា នឹងស្វែងរកភាពស្អាតស្អំ​ជូនដល់លោកស្រី ម៉េង។ មេធាវីលោកស្រី ម៉េង នឹងបន្តធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីរកឲ្យបាននូវយុត្តិធម៌»

គួរបញ្ជាក់ថា នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅកាណាដា) តុលាការកាណាដាបានសម្រេចថា រឿងក្តីស្នើសុំការធ្វើបត្យាប័នលោកស្រី ម៉េង ទៅកាន់សហរដ្ឋអាមេរិកនោះ គឺអាចលើកយកមកធ្វើការពិភាក្សា និងសម្រេចចិត្តបាន។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីចៀន (Zhao Lijian) បានអំពាវនាវឲ្យកាណាដា កែប្រែកំហុសរបស់ខ្លួនជាបន្ទាន់ និងដោះលែងលោកស្រី ម៉េង វ៉ាន់ចូវ ឲ្យមានសេរីភាពឡើងវិញ ព្រមទាំងធានាដំណើររបស់លោកស្រី ត្រឡប់មកកាន់ប្រទេសចិនវិញ​ប្រកបដោយសុវត្ថិភាពផងដែរ៕