(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនាថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) បានដកហូតឋានៈពិសេសរបស់ទីក្រុងហុងកុងនៅ​ក្រោមច្បាប់របស់ខ្លួន ដើម្បីឆ្ពោះរកការលុបចោលវិញនូវសិទ្ធិពិសេសសម្រាប់ធ្វើពាណិជ្ជកម្មរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនេះ បន្ទាប់ពី​​រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់រដ្ឋាភិបាលចិនថា កំពុងជាន់កម្ទេចសិទ្ធិស្វ័យភាពរបស់ហុងកុង។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។

ការដកហូតឋានៈនេះ នឹងធ្វើឲ្យហុងកុងបាត់បង់សិទ្ធិពាណិជ្ជកម្មពិសេសជាមួយសហរដ្ឋអាមេរិក រួមទាំងការយកពន្ធទាបជាងដែនដីផ្សេង​ទៀតរបស់ចិនជាដើម។ ការដកហូតឋានៈខាងលើធ្វើឡើង ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានសម្រេចប្រកាសជាផ្លូវការថា ហុងកុងលែងជាទីក្រុងដែលមានសិទ្ធិស្វ័យភាពពីចិនដីគោកទៀតហើយ បន្ទាប់ទីក្រុងប៉េកាំងបោះជំហាន ទៅរកការអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីអនុវត្តលើទីក្រុងហុងកុង។

លោកម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថាដូច្នេះ «ការសម្រេចចិត្តដ៏អន្តរាយរបស់ទីក្រុងប៉េកាំង គឺជាសកម្មភាពចុងក្រោយបំផុត ដែលបានបំផ្លាញមូលដ្ឋានគ្រឹះនៃសិទិ្ធស្វ័យភាព និងសេរីភាពរបស់ហុងកុង ព្រមទាំងការសន្យារបស់ចិនខ្លួនឯងផ្ទាល់ ចំពោះប្រជាជនហុងកុង នៅក្នុងសេចក្តីប្រកាសរួម ចិន-ចក្រភពអង់គ្លេស ដែលបានដាក់តម្កល់ជាសន្ធិសញ្ញាអន្តរជាតិ របស់អង្គការសហប្រជាជាតិ»

លោក ប៉ុមប៉េអូ បានសង្កត់ធ្ងន់ថា «គ្មានមនុស្សប្រកបដោយហេតុផលណាម្នាក់ អាចធានានៅថ្ងៃនេះបានទេថា ហុងកុងនៅតែអាចរក្សាសិទ្ធិស្វ័យភាពកម្រិតខ្ពស់ពីចិនបានទៀតនោះ ដោយយោងលើភាពពិតជាក់ស្តែងនៅហ្នឹងមុខ។ ហុងកុងលែងមានស្វ័យភាពពីចិនទៀតហើយ បើមើលទៅលើអង្គហេតុដូចមានស្រាប់»។ អាមេរិកក៏បានអំពាវនាវឲ្យប្រទេសផ្សេងៗទៀត ងើបឡើងជំទាស់ចិន ជុំវិញការត្រៀមអនុម័តច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុងនោះផងដែរ។

គួរជាម្រាបថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ឲ្យទីក្រុងហុងកុងរបស់ចិន នូវឋានៈពិសេសជាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនិងពាណិជ្ជកម្មសកល ក្រោមច្បាប់របស់អាមេរិកផ្ទាល់ តាំងពីដែនដីនេះស្ថិតក្រោមអាណានិគមរបស់ចក្រភពអង់គ្លេសមកម្លេះ។ ប៉ុន្តែកាលពីឆ្នាំមុនឋានៈពិសេសនេះ ត្រូវបានទីក្រុងវ៉ាស៊ីនតោនកំណត់លក្ខខណ្ឌថែមពីលើ គឺទាល់តែរដ្ឋាភិបាលអាមេរិកបញ្ជាក់ថា ទីក្រុងហុងកុងនៅតែរក្សាស្វ័យភាពក្នុងកម្រិតខ្ពស់គ្រប់គ្រាន់ពីប្រទេសចិន ទើបអាចបន្តទទួលបានសិទ្ធិពិសេសមួយនេះពីសហរដ្ឋអាមេរិក៕