(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺ (Mark Zuckerberg) បានបញ្ចេញមតិឆ្លើយតប ចំពោះការគំរាមពីសំណាក់លោក ដូណាល់ ត្រាំ ប្រឆាំងនឹងក្រុមហ៊ុនបណ្តាញសង្គមអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។

ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox News លោក Zuckerberg បានលើកឡើងដូច្នេះថា «ខ្ញុំត្រូវតែព្យាយាមស្វែងយល់ថា តើខាងរដ្ឋាភិបាលនឹងមានគោលបំណងធ្វើបែបណាឲ្យពិតប្រាកដ ប៉ុន្តែជាទូទៅខ្ញុំគិតថា ការដែលពួកគេផ្ទាល់ហាក់ចង់រឹតត្បិតលើបណ្តាញ ទំនាក់ទំនងសង្គមព្រោះពួកគេបារម្ភថា ប្រព័ន្ធទាំងនេះមានភាពលម្អៀង និងរិតត្បិតលើអ្នកប្រើប្រាស់នោះ គឺមិនមែនជាការឆ្លើយតបដែល ត្រឹមត្រូវឡើយ»

គួរជម្រាបថា ភាពតានតឹងរវាងលោកប្រធានាធិបតីអាមេរិក និងបណ្តាញទំនាក់ទំនងសង្គមអាមេរិក បានកើតមានឡើងបន្ទាប់ពី Twitter ជាលើកដំបូងបំផុតបានសម្រេចធ្វើសកម្មភាព ប្រឆាំងនឹងការបង្ហោះសារមិនពិតរបស់លោក ដូណាល់ ត្រាំ។ បណ្តាញសង្គម Twitter បានភ្ជាប់នូវសញ្ញា ឲ្យមានការប្រុងយ័ត្ន នៅលើសារមួយដែលលោកបង្ហោះកាលពីថ្ងៃអង្គារ ដែលវាជាការប្រាប់ឲ្យអ្នកអានស្វែងរកព័ត៌មានពិតប្រាកដទាក់ទង នឹងអ្វីដែលលោក ត្រាំ បានអះអាង។ ប្រការនេះបានធ្វើឲ្យលោក ត្រាំ ខឹងសម្បារ រហូតដល់គំរាមបិទប្រព័ន្ធទំនាក់ទំនងសង្គមចោលតែម្តង។

បើតាមប្រភពពីសេតវិមានអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) លោក ត្រាំ នឹងចេញបញ្ជាប្រតិបត្តិមួយ ដែលអាចដាក់បន្ទុកលើបណ្តាញសង្គមអាមេរិក៕