(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីបានសម្រេចចិត្តពន្យារពេលរៀបចំកិច្ចប្រជុំកំពូល នៃអង្គការប្រតិបត្តិការសៀងហៃ (SCO) និងកិច្ចប្រជុំកំពូល BRICS ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង សេនភីធើស៍ប៊ឺក (St. Petersburg) ក្នុងខែកក្កដានោះហើយ ក៏ព្រោះតែបញ្ហា COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។

វិមានក្រឹមឡាំងនៃរដ្ឋធានីម៉ូស្គូ បានលើកឡើងទៀតថា ពេលវេលាជាថ្មីនឹងត្រូវបញ្ជាក់ ដោយមើលលើភាពជាក់ស្តែងនៃស្ថានភាពជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសរុស្ស៊ីផ្ទាល់ ក៏ដូចជាបណ្តាប្រទេសជាសមាជិកនៃកិច្ចប្រជុំកំពូល ទាំងពីរខាងលើនេះ។

គួរបញ្ជាក់ថា អង្គការប្រតិបត្តិការសៀងហៃ (SCO) ជាវេទិកាថ្នាក់តំបន់មួយ ដែលមានប្រទេសជាសមាជិកដូចជា ចិន អាហ្សាក់ស្ថាន កៀរហ្ស៊ីស៊ីស្ថាន រុស្ស៊ី តាជីគីស្ថាន និងអ៊ូបេគីស្ថាន មានទិសដៅរួមក្នុងការចងសម្ព័ន្ធភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។ ដោយឡែក BRICS វិញ គឺជាសមាគមសេដ្ឋកិច្ចដែលមានប្រទេសធំៗដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងជាសមាជិក៕