(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ នេះបានប្រកាសជាផ្លូវការថា ហុងកុងលែងជាទីក្រុងដែលមានសិទ្ធិស្វ័យភាពពីចិនដីគោកទៀតហើយ ដោយការប្រកាសនេះបានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីទីក្រុងប៉េកាំងបោះជំហាន ទៅរកការអនុម័តច្បាស់សន្តិសុខជាតិថ្មី ដើម្បីអនុវត្តលើទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយ Fox News។

លោក ប៉ុមប៉េអូ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «ការសម្រេចចិត្តដ៏អន្តរាយរបស់ទីក្រុងប៉េកាំង គឺជាសកម្មភាពចុងក្រោយបំផុត ដែលបំផ្លាញដល់មូលដ្ឋានគ្រឹះស្វ័យភាព និងសេរីភាពរបស់ហុងកុង និងការសន្យារបស់ចិនខ្លួនឯង ចំពោះប្រជាជនហុងកុងនៅក្នុងសេចក្តីប្រកាសរួម ចិន-អង់គ្លេស ដែលបានដាក់តម្កល់ជាសន្ធិសញ្ញាអន្តរជាតិ របស់អង្គការសហប្រជាជាតិ»។

លោក ប៉ុមប៉េអូ បានសង្កត់ធ្ងន់ថា «គ្មានមនុស្សប្រកបដោយហេតុផលណាម្នាក់ អាចធានានៅថ្ងៃនេះបានទេថា ហុងកុងនៅតែអាចរក្សាសិទ្ធិស្វ័យភាពកម្រិតខ្ពស់ពីចិនបានទៀតនោះ ដោយយោងភាពពិតជាក់ស្តែងនៅហ្នឹងមុខ។ ហុងកុងលែងមានស្វ័យភាពពីចិនទៀតហើយ បើមើលទៅលើអង្គហេតុដូចមានស្រាប់»។ អាមេរិកក៏បានអំពាវនាវឲ្យប្រទេសផ្សេងៗទៀត ងើបឡើងជំទាស់ចិន ជុំវិញការត្រៀមអនុម័តច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុងនោះផងដែរ៕