(បរទេស)៖ ទិន្នន័យចុងក្រោយបំផុតនៅលើវែបសាយអន្តរជាតិ Worldometers ដែលតាមដានស្ថានការណ៍រាតត្បាត COVID-19 នៅជុំវិញពិភពលោកបានបង្ហាញថា នៅថ្ងៃពុធនេះតួលេខអ្នកជំងឺ COVID-19 នៅសហរដ្ឋអាមេរិកដែលបានបាត់បង់ជីវិត កើនលើស ១០ម៉ឺននាក់ហើយ ដែលមិនខុសពីការព្យាករណ៍​របស់ក្រុមអ្នកជំនាញអន្តរជាតិនោះឡើយ។ នេះបើតាមការដកស្រង់ទិន្នន័យនៅល្ងាចថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០។

យោងតាមទិន្នន័យពី Worldometers ដែលរាប់ចំនួនករណី COVID-19 បានលឿនជាងគេបង្អស់ សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺនេះសរុបចំនួន ១,៧២៥,៧៦១ករណី ក្នុងនោះស្លាប់បានកើនដល់ ១០០,៥៧៥នាក់ និង ៤៧៩,៩៧៣នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ។ មកទល់ពេលនេះ សហរដ្ឋអាមេរិកបានធ្វើតេស្តរក COVID-19 លើមនុស្ស ១៥.៥លាននាក់ ក្នុងចំណោមប្រជាជនសរុបជិត ៣៣១លាននាក់។

គួរជម្រាបថា អាមេរិកនៅតែបន្តជាប្រទេសដែលមានករណីឆ្លង និងស្លាប់ច្រើនជាងគេបង្អស់ ហើយទាំងតួលេខករណីឆ្លង និងស្លាប់គឺវ៉ាដាច់ប្រទេសផ្សេងៗទៀតឆ្ងាយតែម្តង។ សម្រាប់ប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនបំផុតលំដាប់ទីពីរបន្ទាប់ពីអាមេរិក គឺប្រេស៊ីលដែលមានអ្នកឆ្លង ៣៩៤,៥០៧នាក់ រីឯប្រទេសដែលឈរនៅលេខពីរ បើគិតពីចំនួនអ្នកស្លាប់ គឺចក្រភពអង់គ្លេសដែលមាន ៣៧,០៤៨នាក់៕