(ប៉ារីស)៖ រដ្ឋាភិបាលបារាំងនៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ នេះបានសម្រេចលុបចោលក្រឹត្យ ដែលអនុញ្ញាតឲ្យវេជ្ជបណ្ឌិតប្រើប្រាស់ថ្នាំប្រឆាំងគ្រុនចាញ់ អ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) ដើម្បីព្យាបាលអ្នកជំងឺ COVID-19 នោះហើយ បន្ទាប់ពីបានមើលឃើញផលអវិជ្ជមានធ្ងន់ធ្ងរមួយចំនួន លើអ្នកជំងឺដែលបានប្រើប្រាស់ថ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន CNA។

ការប្រកាសរបស់បារាំងខាងលើនេះ ត្រូវបានធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានសម្រេចផ្អាកការធ្វើតេស្តទ្រង់ទ្រាយធំ លើថ្នាំប្រឆាំងគ្រុនចាញ់ខាងលើ ដោយសារតែបញ្ហាសុវត្ថិភាពចំពោះអ្នកជំងឺ COVID-19។ បន្ថែមពីនេះកាសែតវេជ្ជាសាស្ត្រដ៏ល្បីឈ្មោះរបស់អង់គ្លេស Lancet ក៏បានរាយការណ៍ផងដែរថា អ្នកជំងឺនានាដែលបានប្រើប្រាស់ថ្នាំ hydroxychloroquine បានកើតមានអការៈមិនប្រក្រតីខ្លាំង ជាពិសេសគឺចង្វាក់បេះដូងលោតមិនទៀងទាត់ ហើយអត្រាស្លាប់ដោយសារការប្រើថ្នាំនេះ គឺមានកម្រិតខ្ពស់។

គួរបញ្ជាក់ថា ប្រទេសបារាំងបានចេញក្រឹត្យមួយកាលពីចុងខែមីនា ដោយអនុញ្ញាតចំពោះការប្រើប្រាស់ថ្នាំ hydroxychloroquine ដើម្បីព្យាបាលអ្នកជំងឺ COVID-19 នៅក្នុងករណីបន្ទាន់ និងនៅក្នុងមន្ទីរពេទ្យប៉ុណ្ណោះ។ ប៉ុន្តែក្រោយការផ្អាកការធ្វើតេស្តពី WHO និងការកើតមានករណីស្រដៀងៗគ្នានៅបណ្តាប្រទេសមួយចំនួននោះ ក្រឹត្យខាងលើត្រូវបានលុបចោលវិញនៅថ្ងៃពុធនេះ។ បើតាមរបាយការណ៍ចុងក្រោយ បារាំងមានអ្នកឆ្លង COVID-19 សរុប ១៨២,៧២២ករណី ក្នុងនោះស្លាប់សរុប ២៨,៥៣០នាក់ និងជាសះស្បើយឡើងវិញ ៦៥,៨៧៩នាក់៕