(ឡុងដ៍)៖ ព័ត៌មានដែលថាទីប្រឹក្សាដ៏ជំនិត របស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស និងគ្រួសារបានល្មើសបំរាមធ្វើដំណើរទាក់ទងនឹង COVID-19 បាននិងកំពុងបង្កការមិនពេញចិត្តជាខ្លាំង ក្នុងចំណោមសាធារណជននៅចក្រភពអង់គ្លេស ប៉ុន្តែរដ្ឋាភិបាលអង់គ្លេសបានលើកថា វាដល់ពេលដែលត្រូវបំភ្លេចរឿងនេះចោលហើយ ព្រោះនៅមានរឿងជាច្រើនទៀត ដែលយើងទាំងអស់គ្នាយកចិត្តទុកដាក់ខ្លាំងវិញ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០។

រដ្ឋមន្រ្តីលំនៅឋាន និងសហគមន៍របស់ចក្រភពអង់គ្លេស លោក រ៉ូប៊ឺត ជែនរីក (Robert Jenrick) បាននិយាយយ៉ាងដូច្នេះថា «ឥឡូវខ្ញុំយល់ថា វាដល់ពេលពួកយើងទាំងអស់គ្នា ត្រូវបំភ្លេចរឿងនេះចោល។ យ៉ាងណាមិញ វាមិនមែនមានន័យថា នេះមិនមែនជារឿងសំខាន់ ឬមហាជនត្រូវខ្វាយខ្វល់អំពីវានោះទេ ប៉ុន្តែខ្ញុំគិតថានៅមានរឿងជាច្រើនផ្សេងទៀត ដែលយើងត្រូវតែផ្តោតការយកចិត្តទុកដាក់នាពេលនេះ ដូចជារឿង COVID-19 និង រឿងសេដ្ឋកិច្ចជាដើម»

គួរជម្រាបថា កាលពីសប្តាហ៍កន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងចក្រភពអង់គ្លេស បានទម្លាយឲ្យដឹងថា ទីប្រឹក្សាជាន់ខ្ពស់របស់លោក បូរីស ចនសុន (Boris Johnson) គឺលោក ដូមីនីក ឃ្យូមមីង (Dominic Cummings) ព្រមទាំងភរិយា និងកូនៗលោក បានធ្វើដំណើរជាង ៤០០គីឡូម៉ែត្រពីទីក្រុងឡុងដ៍ ទៅកាន់ទីក្រុង ដ្យួរហាម (Durham) នៅភាគខាងជើងអង់គ្លេស កាលពីចុងខែមីនា ដើម្បីស្នាក់នៅជាមួយឪពុកម្តាយលោក បន្ទាប់ពីភរិយាចាប់ផ្តើមចេញរោគសញ្ញាស្រដៀង COVID-19 ស្របពេលដែលចក្រភពអង់គ្លេសទាំងមូល ស្ថិតក្រោមវិធានការរឹតបន្តឹងការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19។

ទង្វើរបស់លោកគឺផ្ទុយពីគោលការណ៍ណែនាំរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ដែលទទូចកុំឲ្យមានការចាកចេញពីលំនៅឋាន ជាពិសេស អ្នកដែលមានរោគសញ្ញាសង្ស័យ ទោះក្រោមហេតុផលអ្វីក៏ដោយ។ លោក Cummings បានលើកហេតុផលការពារការសម្រេចចិត្តរបស់ខ្លួន ថា រូបលោកនិងភរិយាគឺចង់ធានាថា កូនៗនឹងទទួលបានការមើលថែទាំ ក្នុងករណីដែលអ្នកទាំងពីរធ្លាក់ខ្លួនឈឺ COVID-19។

ទោះជាបែបនេះក៏ដោយ មន្រ្តីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលចក្រភពអង់គ្លេស​បានសុខចិត្តលាលែងពីតំណែងជុំវិញរឿងចម្រូងចម្រាសនេះ បន្ទាប់ពីលោក Cummings ផ្ទាល់មិនព្រមទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួន ខណៈលោក Johnson ក៏មិនព្រមដកតំណែងរបស់លោក Cummings ហើយថែមទាំងនិយាយកាន់ជើងទៀត។ រីឯ លោក Jenrick ក៏យល់ថា លោក Cummings មិនគួរត្រូវចុះពីតួនាទីដែរ៕