(រីយ៉ូ)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសប្រេស៊ីលបានរាយការណ៍ពីមនុស្សស្លាប់ ដោយសារតែជំងឺរាតត្បាតសកល COVID-19 រហូតដល់ទៅ ១,០៣៩នាក់ ក្នុងរយៈពេល ២៤ម៉ោង ដែលនេះជាតួលេខខ្ពស់បំផុតលើលោក និងស្ថិតនៅក្នុងរយៈពេល ០៥ថ្ងៃជាប់ៗគ្នាមកហើយ សម្រាប់ប្រជាជាតិធំជាងគេនៅអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០។

បន្ទាប់ពីប្រទេសប្រេស៊ីល និងតំបន់អាមេរិកខាងត្បូងទាំងមូល ត្រូវបានចាត់ទុកជាចំណុចផ្ទុះយ៉ាងកក្រើកថ្មីនៃជំងឺ COVID-19 ករណីឆ្លង និងស្លាប់ជាប្រចាំថ្ងៃក្នុងតំបន់នេះបានកើនឡើងយ៉ាងគំហុក លើសតំបន់ផ្សេងៗទៀតលើពិភពលោក ជាពិសេសគឺនៅប្រេស៊ីលផ្ទាល់តែម្តង។ សហរដ្ឋអាមេរិកអាមេរិក ដែលធ្លាប់តែមានអ្នកស្លាប់ច្រើនជាងគេបំផុតលើលោក ជាប្រចាំថ្ងៃនោះ គិតត្រឹម ២៤ម៉ោងដូចគ្នា បានរកឃើញមនុស្សស្លាប់តែ ៦៥៧នាក់ប៉ុណ្ណោះ ដែលតិចជាងប្រេស៊ីលរហូតដល់ទៅជិតពាក់កណ្តាល។

គួរបញ្ជាក់ថា បើធ្វើការបូកបន្ថែមតួលេខអ្នកស្លាប់ខាងលើនេះ ធ្វើឲ្យចំនួនអ្នកស្លាប់សរុប ដោយសារជំងឺ COVID-19 នៅប្រេស៊ីលកើនឡើងដល់ ២៤,៥១២នាក់ ក្នុងចំណោមករណីឆ្លងសរុប ៣៩១,២២២ករណី។ គិតចាប់តាំងពីការផ្ទុះ COVID-19 ប្រទេសប្រេស៊ីលដែលមានប្រជាជនសរុបជាង ២១០លាននាក់នេះ បានធ្វើតេស្តលើជនសង្ស័យចំនួនជាង ១.៦៨លាននាក់ហើយ៕