(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រំា បានព្រមានថា ទីក្រុងហុងកុងអាចនឹងបាត់បង់ឋានៈ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក បើសិនជាច្បាប់ស្ដីពីសន្តិសុខជាតិថ្មីរបស់ចិន ត្រូវបានដាក់ឱ្យអនុវត្តលើទីក្រុងហុងកុងមែននោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០។

ការព្រមានខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើតាមរយៈអ្នកនាំពាក្យសេតវិមាន លោកស្រី ខេយឡេក ម៉ាកអ៊ីណានី (Kayleigh McEnany) នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នាថ្ងៃអង្គារសប្ដាហ៍នេះ។ លោកស្រី McEnany បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាដូចជាពិបាកនឹងមើលឃើញថា តើហុងកុងអាចរក្សាឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកបាន ដែរឬក៏យ៉ាងណា បើសិនជាចិនពិតជាដាក់ឱ្យអនុវត្ត ច្បាប់ស្ដីពីសន្តិសុខជាតិថ្មីលើទីក្រុងហុងកុង... នេះគឺជាការព្រមានដោយផ្ទាល់ពីលោកប្រធានាធិបតី ត្រាំ ហើយលោកពិតជាមិនសប្បាយចិត្តទាល់តែសោះចំពោះចិន ជុំវិញបញ្ហានេះ»។ អ្នកនាំពាក្យខាងលើនេះបានបន្ថែមថា ប្រតិកម្មតបតដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក អាចនឹងត្រូវធ្វើឡើងនៅប៉ុន្មានថ្ងៃ ខាងមុខទៀតនេះ ខណៈទីក្រុងប៉េកាំងក៏ត្រូវបានគេមើលឃើញថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសងសឹកផងដែរ។

គួរបញ្ជាក់ថា ច្បាប់ស្ដីពីសន្តិសុខសម្រាប់ទីក្រុងហុងកុង ស្នើឡើងដោយប្រទេសចិន មានគោលដៅទប់ស្កាត់សកម្មភាពទាមទារឯករាជ្យ, អបគមន៍, ភេរវកម្ម, និងការលូកដៃចូលកិច្ចការផ្ទៃក្នុងពីបរទេស។ ក្រុមចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យអះអាងថា ច្បាប់នេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាព និងលទ្ធិប្រជាធិបតេយ្យ របស់ទីក្រុងហុងកុង។ ក៏ប៉ុន្តែនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី Carrie Lam បានច្រានចោលរាល់ការព្រួយបារម្ភទាំងឡាយចំពោះច្បាប់នេះ ដ្បិតវានឹងមិនធ្វើឱ្យបំផ្លាញសេរីភាពអ្វីទាំងអស់ ហើយគ្រប់គ្នាគួររង់ចាំមើល សេចក្តីលម្អិតនៅក្នុងច្បាប់នោះជាមុនសិន៕