(ម៉ាឌ្រីដ)៖ រដ្ឋាភិបាលអេស្ប៉ាញ នៅថ្ងៃអង្គារនេះ បានប្រកាសដាក់ប្រទេសនៅក្នុងការ«កាន់ទុក្ខជាផ្លូវការ» រយៈពេល១០ថ្ងៃ រាប់ចាប់ពីថ្ងៃពុធសប្ដាហ៍នេះតទៅ ជាការ គោរពវិញ្ញាណក្ខន្ធជនរងគ្រោះជិត ៣០,០០០នាក់ ដែលបានស្លាប់ដោយសារ COVID-19 ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញ លោកស្រី Maria Jesus Montero បានឱ្យដឹងថា កំឡុងការកាន់ទុក្ខរយៈពេល១០ថ្ងៃ ទង់ជាតិនៅតាម ស្ថាប័នរដ្ឋទូទាំងប្រទេសនឹងត្រូវបង្ហូតត្រឹមពាក់កណ្ដាល។ លោកស្រីបន្ថែមទៀតថា រយៈពេលកាន់ទុក្ខ នឹងត្រូវបញ្ចប់ដោយមានការរៀបចំពិធីផ្លូវការមួយ ដឹកនាំដោយ ប្រមុខរដ្ឋ ដើម្បីជាកិច្ចគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសារ COVID-19។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃអង្គារនេះ អេស្ប៉ាញមានអ្នកឆ្លង COVID-19 ២៨២,៤៨០នាក់ ក្នុងនោះស្លាប់ ២៦,៨៤៣នាក់ និងជាសះស្បើយឡើងវិញ ១៩៦,៩៥៨នាក់៕