(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចចិត្តផ្អាកការធ្វើតេស្ដថ្នាំប្រឆាំងជំងឺគ្រុនចាញ់ hydroxychloroquine លើអ្នកជំងឺ COVID-19 ដោយសារព្រួយបារម្ភពីសុវត្ថិភាព។

២៖ មន្ត្រីយោធា និងទាហានចិន ដែលកំពុងឈរជើងនៅក្នុងមូលដ្ឋានយោធាភូមិភាគទីក្រុងហុងកុង មានការប្ដេជ្ញាចិត្ត និងសមត្ថភាពខ្ពស់ក្នុងការការពារ អធិបតេយ្យជាតិចិន ព្រមទាំងភាពរុងរឿងដ៏យូរអង្វែង និងសន្តិសុខសម្រាប់ទីក្រុងហុងកុងទាំងមូល។

៣៖ ក្រុមហ៊ុនឯកទេសជីវ-បច្ចេកវិទ្យារបស់អាមេរិក ណូវ៉ាវ៉ាក់ (Novavax) បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ក្រុមហ៊ុនទើបតែបានចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សតែម្តង បន្ទាប់ពីទទួលបានថវិកាជំនួយយ៉ាងច្រើនសម្បើម ពីកំពូលមហាសេដ្ឋីអាមេរិក លោក បៀល ហ្គេតស៍ (Bill Gates)។

៤៖ ក្រសួងការពារជាតិរុស្ស៉ីបានឲ្យដឹងថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងធុន Mi-8 បានធ្លាក់នៅក្បែរក្រុង អាណាឌី (Anadyr) នៃតំបន់ឈូកូតកា (Chukotka) ស្ថិតនៅតំបន់ចុងបូព៌ាប្រទេសរុស្ស៉ី បណ្តាលឲ្យអ្នកដែលជិះលើនោះទាំងអស់បាត់បង់ជីវិត។

៥៖ អង្គការសុខភាពពិភពលោក (WHO) បានសម្តែងការកោតសរសើរ ចំពោះប្រទេសចិន ដែលបានបើកចំហចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជាលក្ខណៈអន្តរជាតិ ក្នុងការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19)

៦៖ និស្សិត អ្នកជំនាញ មន្ត្រីទូត និងពលរដ្ឋឡាវទាំងឡាយ អាចចូល ឬចាកចេញពីប្រទេសឡើងវិញជាធម្មតាហើយ ជាមួយនិងឯកសារបញ្ជាក់ត្រឹមត្រូវ ចេញដោយក្រសួងការបរទេស ខណៈប្រទេសអាស៊ានមួយនេះ ត្រូវបានគេមើលឃើញថា បានរងផលប៉ះពាល់តិចបំផុតពីជំងឺរាតត្បាតសកល COVID-19៕