(វៀងច័ន្ទ)៖ និស្សិត អ្នកជំនាញ មន្ត្រីទូត និងពលរដ្ឋឡាវទាំងឡាយ​អាចចូល ឬចាកចេញពីប្រទេសឡើងវិញជាធម្មតាហើយ ជាមួយនិងឯកសារបញ្ជាក់ត្រឹមត្រូវ​ចេញដោយក្រសួងការបរទេស ខណៈប្រទេសអាស៊ានមួយនេះ​ត្រូវបានគេមើលឃើញថា បានរងផលប៉ះពាល់តិចបំផុតពីជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយ​​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។

ជុំវិញការអនុញ្ញាតខាងលើនេះ មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលឡាវលោក រតនាសាយ ភិតសាវ៉ាន់ (Rattanaxay Phetsavanh) បានលើកឡើងថា ពលរដ្ឋឡាវទាំងអស់នៅតែត្រូវការជាចាំបាច់ នូវការអនុវត្តវិធានការរក្សាសុវត្ថិភាព ដើម្បីកុំឲ្យមានករណីឆ្លងជំងឺ COVID-19 បើទោះបីជាប្រទេសនេះ មិនបានរកឃើញករណីឆ្លងសូម្បីម្នាក់ នារយៈពេល ៤៤ថ្ងៃមកនេះក៏ដោយ។

គួរបញ្ជាក់ថា គិតចាប់តាំងពីការរកឃើញអ្នកឆ្លង COVID-19 ដំបូងនៅក្នុងប្រទេសឡាវ កាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅនេះ ប្រទេសឡាវបានធ្វើតេស្តលើមនុស្សសរុប ៥,៨៥៥នាក់ ក្នុងនោះ ១៩នាក់មានផ្ទុកជំងឺ COVID-19 ហើយ ១៤នាក់ក្នុងចំណោមពួកគេក៏បានជាសះស្បើយឡើងវិញផងដែរ ដោយនៅសល់តែ ០៥នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងគ្មានអ្នកស្លាប់ឡើយ៕