(ឡុងដ៍)៖ លោក Douglas Ross ដែលជាមន្រ្តីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការទាក់ទងប្រទេសស្តុតឡែន បានលាលែងពីតួនាទីរបស់ខ្លួននៅថ្ងៃអង្គារនេះ ពាក់ព័ន្ធនឹងបញ្ហាចម្រូងចម្រាសបង្កឡើងដោយទីប្រឹក្សាដ៏ជំនិតម្នាក់របស់នាយករដ្ឋមន្រ្តី​ចក្រភពអង់គ្លេស ដែលបានល្មើសបម្រាមធ្វើដំណើរនៃ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។

លោក Dominic Cummings ទីប្រឹក្សាដ៏ជិតស្និទ្ធបំផុតរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Boris Johnson បានប្រកែកមិនចុះចេញពី​​តំណែងឡើយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយអះអាងថាលោកមិនបានធ្វើអ្វីខុសនោះទេ តាមរយៈការធ្វើដំណើរចម្ងាយ៤០០គីឡូម៉ែត្រ​​​ទៅកាន់ភាគខាងជើងប្រទេសអង់គ្លេស នៅពេលចក្រភពអង់គ្លេសកំពុងបន្តស្ថិតក្រោមវិធានការរឹតត្បិតយ៉ាងតឹងរ៉ឹង សំដៅទប់ស្កាត់ការឆ្លង​រាលដាលនៃជំងឺ COVID-19 ព្រោះលោកចាំបាច់ត្រូវទៅជួយភរិយាមើលថែទាំកូន។ រីឯលោក Johnson កាលពីចុងសប្តាហ៍កន្លងទៅនេះ ក៏បាននិយាយគាំទ្រទីប្រឹក្សារបស់ខ្លួនដែរ។

ដោយឡែក លោក Ross វិញ បានលើកឡើងក្នុងលិខិតលាលែងពីតំណែងរបស់លោកថា លោកទទួលយកការបកស្រាយនូវហេតុផល​របស់លោក Cummings ប៉ុន្តែសូមក្រឡេកមើលប្រជាជនទូទៅ ដែលមិនបាននិយាយពាក្យលាចុងក្រោយទៅកាន់មនុស្សជាទីស្រឡាញ់ ឬក្រុមគ្រួសារដែលមិនបានកាន់ទុក្ខជាមួយគ្នា ឬមួយក៏អ្នកដែលមិនបានទៅសួរសុខទុក្ខសាច់ញាតិដែលកំពុងឈឺថ្កាត់ ព្រោះតែពួកគេបាន​​គោរពតាមវិធានការរបស់រដ្ឋាភិបាល។ លោក Ross បាននិយាយយ៉ាងដូច្នេះ «ខ្ញុំមិនអាចប្រាប់ពួកគេថា គេទាំងអស់គ្នាសុទ្ធតែបានធ្វើខុស ហើយ​អ្វីដែលទីប្រឹក្សាជាន់ខ្ពស់រដ្ឋាភិបាលម្នាក់បានធ្វើ គឺជារឿងត្រឹមត្រូវឡើយ»

គួរជម្រាបថា ការសម្រេចចិត្តចេញក្រៅធ្វើដំណើររបស់លោក Cummings កំឡុងចក្រភពអង់គ្លេសស្ថិតក្រោមវិធានការបិទប្រទេស បានបង្ក​ឲ្យសាធារណជនមិនពេញចិត្តជាខ្លាំង ហើយសមាជិកសភាមួយចំនួននៃគណបក្សកាន់អំណាចផ្ទាល់ ក៏បានថ្លែងរិះគន់ធ្ងន់ៗចំពោះរូបលោក កាលពីចុងសប្តាហ៍កន្លងទៅនេះទៀតផង បន្ទាប់ពីពួកគេទទួលបានសារបង្ហាញនូវភាពខឹងសម្បារពីម្ចាស់ឆ្នោត៕