(ញូដេលី)៖ នៅក្នុងរបាយការណ៍ថ្មីសម្រាប់ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅ ៦,៥៣៥នាក់ឯណោះ​ខណៈអ្នកជំងឺ ១៤៦នាក់ទៀតបាត់បង់ជីវិត​នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

តួលេខឆ្លងប្រចាំថ្ងៃខាងលើនេះ គឺធ្លាក់ទាបជាថ្ងៃរបាយការណ៍កាលពីថ្ងៃចន្ទម្សិលមិញ ដែលមានរហូតដល់ជាង ៤,៩០០នាក់ឯណោះ។ បើបូកបន្ថែមតួលេខថ្មីៗបន្ថែមទៀត​ធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបកើនដល់ ១៤៥,៣៨០ករណី ក្នុងនោះស្លាប់សរុប ៤,១៦៧នាក់ និងជាសះស្បើយឡើងវិញ ៦០,៤៩១នាក់ ខណៈ ៨០,៧២២នាក់កំពុងសម្រាកព្យាបាលនៅទូទាំងប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា តំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារតែជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌាគឺរដ្ឋមហារ៉ាស្ត្រា (Maharashtra) ស្ថិតនៅភាគខាងលិច និងបន្ទាប់មកទៀតគឺទីក្រុងម៉ុមបៃ​ស្ថិតនៅភាគខាងត្បូងប្រទេស។ ថ្ងៃអង្គារនេះគឺជាថ្ងៃទី ៦៣ ហើយដែលប្រទេសឥណ្ឌាបិទប្រទេស​ដើម្បីទប់ស្កាត់ជំងឺ COVID-19 ខណៈវានឹងត្រូវអូសបន្លាយដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០៕