(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានសម្តែងការកោតសរសើរ​ចំពោះប្រទេសចិន​ដែលបានបើកចំហចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា​ជាលក្ខណៈអន្តរជាតិ ក្នុងការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19) ហើយបេសកកម្មស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនេះ នឹងត្រូវការកិច្ចចូលរួម​ពីក្រុមអ្នកវិទ្យាសាស្ត្រចំរុះជាតិសាសន៍តែម្តង ដើម្បីសម្រេចគោលដៅពហុវិស័យមួយនេះឲ្យបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។

លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) ប្រធានកម្មវិធីសង្គ្រោះបន្ទាន់​ផ្នែកសុខាភិបាលនៃ WHO បានលើកឡើងយ៉ាងដូច្នេះថា «យើងបាននិងកំពុងពិភាក្សានៅឡើយ ជាមួយសហការីរបស់យើង​នៅប្រទេសចិន នាប៉ុន្មានថ្ងៃចុងក្រោយនេះ អំពីការរួបរួមគ្នាក្នុងស្រាវជ្រាវដ៏សំខាន់បំផុត ដើម្បីស្វែងរកប្រភពដើមនៃវីរុស (COVID-19)។ ខ្ញុំគិតថាអាជ្ញាធរនានានៅចិន, រដ្ឋាភិបាលនៅជុំវិញពិភពលោក និង WHO ផ្ទាល់ពិតជាចង់ដឹងអំពីប្រភពដើមនៃសត្វដែលផ្ទុកវីរុសនេះ ហើយខ្ញុំរីករាយដែលបានលឺសារស្របគ្នាមួយចេញពីប្រទេសចិន ដែលជាការបើកចំហមួយចំពោះកិច្ចដំណើរការនេះ»

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃ WHO កាលពីប៉ុន្មានសប្តាហ៍មុននេះ​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង តាមរយៈខ្សែវីដេអូលីង​ចំពោះមុខថ្នាក់ដឹកនាំអន្តរជាតិ បានប្រកាសស្វាគមន៍ការស៊ើបអង្កេត​រកប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19) ដែលដឹកនាំដោយ WHO ផ្ទាល់ នៅពេលដែលពិភពលោក អាចគ្រប់គ្រងជំងឺឆ្លងនេះបាន។ ការប្រកាសរបស់ចិននាពេលនោះ បានកើតមានឡើង​បន្ទាប់ពីប្រទេសមួយចំនួន​បានដឹកនាំការទាមទារ​ឲ្យអន្តរជាតិបើកការស៊ើបអង្កេត រកប្រភពដើមនៃវីរុសនេះ៕