(ប៉េកាំង)៖ ចិនបានរាយការណ៍ពីការរកឃើញ COVID-19 ចំនួន ០៧ករណីថ្មីទៀត កាលពីពេលពេញមួយថ្ងៃចន្ទម្សិលមិញ បើធៀបទៅនឹងកាលពីថ្ងៃអាទិត្យ ដែលមាន ១១ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីប្រកាសចេញផ្សាយនៅថ្ងៃអង្គារនេះ គណៈកម្មការជាតិសុខាភិបាលចិនបានឲ្យដឹងទៀតថា ករណីឆ្លងថ្មីខាងលើទាំងអស់ សុទ្ធតែជាករណីនាំចូលពីបរទេស ដោយក្នុងនោះមាន ០៥ករណីត្រូវបានរកឃើញនៅក្នុងតំបន់ស្វយ័ត អ៊ីនណឺម៉ុងហ្គោលី (Inner Mongolia), ០១ករណីនៅសៀងហៃ និង ០១ករណីទៀតនៅខេត្តហ្វូចៀន (Fujian)។

ដោយឡែកសម្រាប់ករណីស្លាប់វិញ គឺគ្មាននោះឡើយ ដូច្នេះនាំឲ្យចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 នៅចិនគឺស្ថិតនៅ ៤,៦៣៤នាក់ដដែល នៅក្នុងចំណោមករណីឆ្លងសរុប ៨២,៩៩២ករណី។ នៅថ្ងៃចន្ទម្សិលមិញនេះ អ្នកជំងឺ ០៩នាក់ទៀតបានចេញពីមន្ទីរពេទ្យ ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបពី COVID-19 នៅចិនកើនដល់ ៧៨,២៧៧នាក់៕