(តូក្យូ) ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានប្រាប់ឲ្យដឹង នាថ្ងៃចន្ទនេះថា ជប៉ុន នឹងបដិសេធក្នុងការធ្វើដំណើរចូលប្រទេស នៃជនជាតិបរទេស មកពីប្រទេសចំនួន១១ថែមទៀត ក្នុងនោះរួមទាំងឥណ្ឌាផងដែរ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៥ ខែឧសភានេះ។

យោងតាមបញ្ជីហាមឃាត់ចូលប្រទេស, ពលរដ្ឋដែលមិនមែនជនជាតិជប៉ុន ដែលរស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន, អាហ្សន់ទីន, បង់ក្លាដេស, អេលសាវ៉ាឌ័រ, ហ្គាណា, ហ្គីណេ, ឥណ្ឌា, កៀហ្ស៊ីស្ថាន, ប៉ាគីស្ថាន, អាហ្វ្រិកខាងត្បូង និងតាជីគីស្ថាន ក្នុងរយៈពេល២សប្តាហ៍ នៃការមកដល់របស់ពួកគេ នឹងត្រូវបញ្ជូនទៅកាន់តំបន់ព្រំដែន។

 បើតាមលោកនាយករដ្ឋមន្ត្រី បានប្រាប់ថា ការហាមឃាត់នេះ នឹងមានប្រសិទ្ធិភាព ចាប់ពីថ្ងៃពុធ ហើយនឹងនៅតែមានប្រសិទ្ធិភាព ក្នុងគ្រាដែលមានការរីករាលដាលនេះ។

ការដាក់បញ្ចូលថ្មីនេះ នាំឲ្យចំនួនប្រទេស និងតំបន់ ដែលស្ថិតក្នុងបញ្ជីហាមឃាត់ ចូលក្នុងប្រទេសជប៉ុន កើនឡើងដល់១១១។ ក្នុងនោះ រួមទាំង ប្រទេសចិន, កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក និងប្រទេសទាំងអស់ នៅតំបន់អឺរ៉ុបផងដែរ។

ព្រមជាមួយគ្នានោះ ជនជាតិជប៉ុន នៅតែអាចវិលត្រឡប់ចូលប្រទេសវិញបាន ដោយពួកគេត្រូវឆ្លងកាត់ការធ្វើតេស្តរកមេរោគ និងត្រូវដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែកពីគេ រយៈពេល២សប្តាហ៍៕