(ប៉េកាំង)៖ ប្រទេសចិន ត្រូវបានគេរាយការណ៍ថា កំពុងដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងពីរគ្រឿង ទៅកាន់តំបន់ឆ្នេរសមុទ្រក្បែរកោះតៃវ៉ាន់ បន្ទាប់ពីទីក្រុងប៉េកាំង ព្រមានពីការផ្ទុះឡើងនូវសង្រ្គាមត្រជាក់ថ្មីមួយ ជាមួយសហរដ្ឋអាមេរិក រួមទាំងការប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Sun នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។

នាវាផ្ទុកយន្ដហោះចម្បាំងស៊េរីថ្មី Liaoning និង Shandong បច្ចុប្បន្ន កំពុងស្ថិតនៅក្រោមការហ្វឹកហាត់ពីរបៀបត្រៀមខ្លួនប្រយុទ្ធ នៅឯឆ្នេរ Bohai Bay នៃតំបន់ សមុទ្រលឿង មុននឹងទៅចូលរួមក្នុងសមយុទ្ធយោធាមួយនៅក្បែរកោះ Pratas។ ម្យ៉ាងវិញទៀត វានឹងក្លាយជាលើកដំបូងបំផុត ដែលនាវាចម្បាំងស៊េរីថ្មីរបស់ចិនទាំងពីរ គ្រឿង ត្រូវដាក់ពង្រាយព្រមពេលជាមួយគ្នា ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងនៅឯកោះតៃវ៉ាន់ ពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាពីសំណាក់ទីក្រុងប៉េកាំង ដើម្បីបង្រួមបង្រួមដែនកោះមួយនេះ។

គួរបញ្ជាក់ថា ព័ត៌មានពីការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង Liaoning និង Shandong កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងប៉េកាំងព្រមានពី ការប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមកោះតៃវ៉ាន់ ជាការឆ្លើយទៅនឹងលោក ដូណាល់ ត្រាំ ដែលបានព្រមានផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយចិន។ បន្ថែមពីលើនេះ កាលពីថ្ងៃអាទិត្យ ម្សិលមិញ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានលើកឡើងផងដែរថាសហរដ្ឋអាមេរិក និងចិន កំពុងស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមត្រជាក់ ថ្មីមួយ៕