(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O'Brien បានព្រមានជាថ្មីថា សហរដ្ឋអាមេរិក អាចនឹងលុបចោលលក្ខន្តិកៈពាណិជ្ជកម្មពិសេស សម្រាប់ទីក្រុងហុងកុង បើសិនជាចិន អនុម័ត ឬដាក់ឱ្យប្រើប្រាស់ច្បាប់សនិ្តសុខជាតិថ្មី លើដែនដីស្វយ័តមួយនេះ។

២៖ នាថ្ងៃចន្ទនេះ ប្រទេសជប៉ុនបានដក «ភាពអាសន្ន COVID-19» ចេញពីខេត្តចំនួន០៥ចុងក្រោយ បន្ទាប់ពីមើលឃើញថាស្ថានការណ៍ ឆ្លងរាលដាល នៅតាមតំបន់នោះ ស្ថិតក្រោមការគ្រប់គ្រងបាន។

៣៖ កូរ៉េខាងត្បូងនាថ្ងៃចន្ទនេះបានរាយការណ៍ថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ចំនួន១៦នាក់ថ្មី ក្នុងរយៈពេល២៤ម៉ោង ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុប ដែលត្រូវបានរកឃើញនៅក្នុងប្រទេសអាស៊ីខាងកើតនេះ កើនដល់១១,២០៦នាក់។

៤៖ នៅក្នុងរបាយការណ៍ថ្មីសម្រាប់ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅ ៦,៩៧៧នាក់ឯណោះ ខណៈអ្នកជំងឺ ១៥៤នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។

៥៖ មេបញ្ជាការកងទ័ពអាកាស នៃសាធារណរដ្ឋឥស្លាមអ៉ីរ៉ង់ (IRIAF) លោក ម៉ូហាំម៉ាត់ ហ្សាលបៃហ្គី (Mohammad Zalbeigi) បាននិយាយថា ប្រទេសរបស់លោកនឹងបញ្ចេញយន្ដហោះ ចម្បាំងផលិតនៅក្នុងស្រុក ដ៏ថ្មីសន្លាងមួយនៅក្នុងពេលឆាប់ៗនេះ បើទោះជាកំពុងប្រឈមមុខ នឹងទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ។

៦៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក សាយរីល រ៉ាម៉ាផូសា (Cyril Ramaphosa) បាននិយាយថា វ៉ាក់សាំង COVID-19 ណាក៏ដោយឲ្យតែត្រូវបានអភិវឌ្ឍឡើងនៅលើផែនដីនេះ គួរតែត្រូវចែករំលែកដោយឥតគិតថ្លៃ និងដោយស្មើភាពដល់ប្រជាជន នៅតាមបណ្តាប្រទេសទាំងអស់ជុំវិញពិភពលោក៕