(វៀងច័ន្ទ)៖ មកទល់ពេលនេះ នៅប្រទេសឡាវពុំមានការរកឃើញករណីឆ្លងថ្មីនៃ COVID-19 រយៈពេល៤៣ថ្ងៃជាប់គ្នាមកហើយ ដោយចំនួនអ្នកដែលបានឆ្លងសរុបគឺគ្មានការប្រែប្រួល នៅត្រឹម១៩នាក់ដដែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។

អនុរដ្ឋមន្រ្តីសុខាភិបាលឡាវ លោក Phouthone Meaungpak បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃចន្ទនេះថា តួលេខសរុបនៃអ្នកឆ្លង COVID-19 ដែលត្រូវបានរកឃើញក្នុងប្រទេសឡាវ គឺបន្តនៅត្រឹម១៩ករណីដដែល ដោយគ្មានការរកឃើញករណីថ្មីរយៈពេល៤៣ថ្ងៃជាប់គ្នា។

គួរជម្រាបថា គិតត្រឹមថ្ងៃចន្ទនេះ ឡាវបានធ្វើតេស្តអ្នកសង្ស័យមានផ្ទុក COVID-19 សរុប៥,៧៩៥នាក់ ក្នុងនោះ១៩នាក់ជាលទ្ធផលវិជ្ជមាន​។ ក្នុងចំណោមអ្នកដែលបានឆ្លងទាំង១៩នាក់នោះ ១៤នាក់បានចាកចេញពីមន្ទីរពេទ្យវិញហើយ ក្រោយជាសះស្បើយ។ សម្រាប់៥នាក់ទៀត កំពុងបន្តទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពក្នុងរដ្ឋធានីវៀងច័ន្ទ។ ឡាវបានប្រកាសពីការរកឃើញករណីដំបូងនៃអ្នកឆ្លង COVID-19 ចំនួន២នាក់ កាលពីថ្ងៃទី២៤ ខែមីនា៕