(វ៉ាស៊ីនតោន)៖ កំឡុងចុងសប្តាហ៍កន្លងទៅនេះ មុនថ្ងៃបុណ្យនៃការចងចាំ (Memorial Day) ប្រជាជនអាមេរិកជាច្រើននាក់បាននាំគ្នាដើរកម្សាន្ត និងលំហែកាយនៅតាមឆ្នេរសមុទ្រ ស្ទើរតែកកកុញដូចដើមឡើងវិញ បន្ទាប់ពីបណ្តារដ្ឋរបស់សហរដ្ឋអាមេរិក បានបន្ធូរបន្ថយការរឹតបន្តឹងពាក់ព័ន្ធ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។

នៅវេលាចុងសប្តាហ៍ មុនទិវា Memorial Day ដែលជាសញ្ញានៃការចាប់ផ្តើមរដូវក្តៅ នៅសហរដ្ឋអាមេរិក ជាទូទៅគឺជាពេលដែលទីលានបញ្ចុះសពនៅទូទាំងប្រទេសនេះ ត្រូវបានបំពេញទៅដោយទង់ជាតិអាមេរិក និងកម្មវិធីផ្សេងៗដើម្បីចងចាំអ្នកដែលបានពលីជីវិត ក្នុងសង្រ្គាមអាមេរិក។ ឆ្នាំនេះសប្តាហ៍នៃទិវា Memorial Day គឺចំពេលតួលេខអ្នកជំងឺ COVID-19 នៅសហរដ្ឋអាមេរិកដែលស្លាប់ត្រូវគេរំពឹងថា នឹងកើនលើស ១០០,០០០នាក់។

គួរជម្រាបថា រដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក សុទ្ធតែបានបន្ធូរបន្ថយក្នុងកម្រិតខុសៗគ្នា នូវការរឹតបន្តឹង COVID-19។ នៅតាមរដ្ឋដូចជា អ៉ីលីណយស៍ (Illinois) និងញូយ៉ក (New York) ភោជនីយដ្ឋានក៏ដូចជាហាងកាត់ និងតុបតែងសក់នៅតែបន្តបិទទ្វារដដែល។ ដោយឡែកនៅតាមបណ្តារដ្ឋជាច្រើន នៅភាគខាងត្បូងប្រទេស អាជីវកម្មភាគច្រើនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ជាមួយការដាក់កំហិតលើចំណុះអតិថិជន។

កាលពីសប្តាហ៍មុន រដ្ឋចំនួន ១១ បានរាយការណ៍ពីតួលេខខ្ពស់នៃករណីឆ្លង COVID-19 ថ្មីៗ ដែលត្រូវបានរកឃើញរួមមាន អាឡាបាលម៉ា (Alabama), អាកាន់សាស់ (Arkansas), មីនណេសូតា (Minnesota), ណតស៍ដាកូតា (North Dakota), ញូហេមភ៍ស៊ឺ (New Hampshire), ម៉ារីឡេន (Maryland), ម៉េន (Maine), ណេវ៉ាដា (Nevada), យូតាហ៍ (Utah), វ៉ើជីនៀ (Virginia) និង វីសខុនសិន (Wisconsin)។ វាមិនច្បាស់ថា ករណីទាំងនោះកើនឡើងខ្ពស់ ដោយសារតែសមត្ថភាពធ្វើតេស្តត្រូវបានបង្កើន ឬមួយយ៉ាងណានោះទេ។ ករណីឆ្លងសរុបនៅទូទាំង សហរដ្ឋអាមេរិកគឺកើនដល់ជិត ១.៧លាននាក់ខ្ពស់ជាងប្រទេសណាៗទាំងអស់ នៅលើពិភពលោក៕