(បរទេស)៖ ក្រុមអ្នកជំនាញមកពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) បានលើកឡើងថា ការធ្វើដំណើរតាមអាកាសចរណ៍ ជាពិសេសលក្ខណៈអន្តរជាតិមិនត្រូវបានរំពឹងថា នឹងអាចវិលទៅសភាពដើមដូចពេលមុនវិបត្តិ COVID-19 វិញឆាប់ៗនេះឡើយ គឺយ៉ាងហោចរហូតទាល់តែដល់ឆ្នាំ២០២៣។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ LAD Bible នៅរសៀលថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។

សមាគមខាងលើបាននិយាយថា ចំនួនអ្នកដំណើរតាមជើងហោះហើរអន្តរជាតិមិនរំពឹងថា នឹងអាចកើនដល់កម្រិតមុនពេលវិបត្តិ COVID-19 ផ្ទុះឡើងឡើយ រហូតទាល់តែដល់ឆ្នាំ២០២៣ បើឆាប់បំផុត ឬអាចយូរជាងនេះទៅទៀតក៏ថាបានដែរ។ យោងតាមការស្ទង់មតិថ្មីមួយ ដោយក្រុមហ៊ុនណែនាំខាងវិស័យទេសចរណ៍ Lonely Planet បានរកឃើញថា អ្នកដំណើរ ៦៩ភាគរយសុខចិត្តនៅផ្ទះ ជាជាងត្រូវប្រឈមនឹងការធ្វើចត្តាឡីស័ក នៅពេលទៅដល់គោលដៅទេសចរណ៍របស់ពួកគេ។

គួរជម្រាបថា បើតាមការព្យាករណ៍របស់សមាគម IATA ការធ្វើដំណើរតាមជើងហោះហើរក្នុងស្រុកនៃប្រទេសនានា ប្រហែលជាអាចងើបឡើងវិញបានឆាប់រហ័ស ខណៈការធ្វើដំណើរតាមជើងហោះហើរអន្តរជាតិ នឹងត្រូវការពេលយូរទៀត ដើម្បីស្តារឡើងវិញ៕