(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងអំពីទំនាក់ទំនងយូរឆ្នាំរវាងសហរដ្ឋអាមេរិក និងស្ថាប័នសុខាភិបាល អន្តរជាតិនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមដើរចេញនិងឈប់ផ្តល់ថវិកាជារៀងរហូត ហើយ WHO បានក៏ បានបន្តច្រានចោលការចោទប្រកាន់របស់លោក ត្រាំ មកលើខ្លួនផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។

មន្រ្តីជាន់ខ្ពស់របស់ WHO លោក Stewart Simonson បាននិយាយដូច្នេះថា «សហរដ្ឋអាមេរិក យ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ១៩០២មក គឺជាអ្នកដឹកនាំនៅក្នុងវិស័យសុខភាពសាធារណៈទូទាំងសកលលោក ហើយខ្ញុំមិនអាចនឹកស្រមៃចេញនោះទេនូវ ស្ថានភាពដែលអាមេរិក មិនស្ថិតក្នុង WHO និងមិនជួយជ្រោមជ្រែងស្ថានប័នអន្តរជាតិនេះតទៅទៀត»

លោក Simonson បានបន្តថា WHO និងសហរដ្ឋអាមេរិក ត្រូវបានផ្សារភ្ជាប់គ្នាទំនាក់ទំនងជាមួយគ្នាតាំងតែពីដើមមកម្ល៉េះ ហើយ WHO ទទួលបានអត្ថប្រយោជន៍ជាច្រើនពីក្តីសប្បុរសយ៉ាងធំធេងរបស់ប្រជាជនអាមេរិក ហើយលោកបានសម្តែងការកោតសរសើរចំពោះការ ជួយគាំទ្រផ្នែកបច្ចេកទេសមិនអាចគណនាបាន ដែលសហរដ្ឋអាមេរិកតែងតែបានផ្តល់ឲ្យនាពេលកន្លងមក។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់របស់លោក ដូណាល់ ត្រាំ នៅក្នុងលិខិតមួយច្បាប់ដែលបានផ្ញើមកកាន់ WHO នាពេលថ្មីៗនេះវិញ លោក Simonson បានចាត់ទុកវាថា ជាការយល់ខុសទាំងស្រុង។ ក្នុងលិខិតនោះ លោក ត្រាំ បានចោទ WHO និងចិនថា បានរួមគ្នាលាក់ព័ត៌មាន សំខាន់ជុំវិញភាពធ្ងន់ធ្ងរនៃការរាតត្បាត COVID-19 នៅក្នុងប្រទេសចិន ជាទីដែលជំងឺនេះបានលេចឡើងដំបូងបំផុត និងថាចិនឆ្លើយតប យឺតយ៉ាវចំពោះ COVID-19 និងគ្រប់គ្រងស្ថានការណ៍មិនបានល្អ ហើយលោក ត្រាំ បានទាមទារឲ្យ WHO បង្ហាញឯករាជ្យភាពពីចិន។

គួរជម្រាបថា ឆ្លើយតបចំពោះការចោទប្រកាន់នោះ មន្រ្តីជាន់ខ្ពស់ WHO ខាងលើ បានលើកឡើងយ៉ាងដូច្នេះ «វាពុំមានហេតុផលសមស្រប អ្វីដែល WHO ត្រូវលាក់កំបាំងព័ត៌មានឡើយ ព្រោះការធ្វើបែបនោះ ពុំត្រូវនឹងគោលការណ៍របស់យើងទេ។ គោលការណ៍របស់ពួកយើងគឺ ធ្វើការ ប្រកាសអាសន្ន នៅពេលដែលភស្តុតាងគ្រប់គ្រាន់បង្ហាញថាគួរតែធ្វើយ៉ាងដូច្នោះ ហើយវាគឺជាអ្វីដែលប្រមុខ WHO លោក Tedros បានធ្វើចំពោះវិបត្តិ COVID-19»៕