(តូក្យូ)៖ ជប៉ុនកំពុងពិចារណាបញ្ចេញកញ្ចប់ថវិកា ១០០ទ្រីលានយ៉េន ឬជាង ៩២៩ពាន់លានដុល្លារបន្ថែមទៀត ដែលនឹងគ្របដណ្ដប់លើជំនួយហិរញ្ញវត្ថុ ក្រោមរូបភាពជាកម្ចីសម្រាប់ក្រុមហ៊ុននានាដែលរងគ្រោះ ដោយសារការឆ្លងរាតត្បាត COVID-19 ។ នេះបើតាមសារព័ត៌មាន Nikkei ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។

សារព័ត៌មាន Nikkei បានឱ្យដឹងទៀតថា ក្នុងចំណោមកញ្ចប់ថវិកាបន្ថែមខាងលើប្រមាណ ១០០ទ្រីលានយ៉េនខាងលើនេះ ៦០ទ្រីលានយ៉េននឹងត្រូវវប្រើប្រាស់នៅក្នុងកម្មវិធីផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនរដ្ឋ និងឯកជនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារ COVID-19។ ចំណែកឯ ២៧ទ្រីលានយ៉េនទៀត នឹងត្រូវប្រើប្រាស់ជាកញ្ចប់ជំនួយហិរញ្ញវត្ថុ ក្នុងនោះរួមមាន ១៥ទ្រីលានយ៉េនសម្រាប់កម្មវិធីថី្មមួយ ដែលជួយដល់ក្រុមហ៊ុនមានភាពទន់ខ្សោយខ្លាំង។

គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនក៏ធ្លាប់បានបញ្ចេញកញ្ចប់ថវិកា ១.១ទ្រីលានដុល្លារម្ដងរួចមកហើយ កាលពីខែមេសាកន្លងទៅ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិផងដែរ។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ជប៉ុនមានករណីឆ្លង COVID-19 សរុប ១៦,៥៥០ករណី ក្នុងនោះស្លាប់ ៨២០នាក់ និងជាសះស្បើយឡើងវិញ ១៣,៤១៣នាក់ ប៉ុន្តែបច្ចុប្បន្នជប៉ុនបានដកចេញនូវភាពអាសន្ន ពីតំបន់មួយចំនួនធំ ក្រោយការឆ្លងរាតត្បាតបានថមថយ៕