(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នាថ្ងៃអាទិត្យនេះ បាននិយាយថា ចិនហើយនិងសហរដ្ឋអាមេរិក គឺនឹងទទួល បានផលប្រយោជន៍ជាច្រើនពីការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ប៉ុន្តែបើនៅតែប្រឈមមុខគ្នាយកឈ្នះយកចាញ់ គឺនឹងទទួល បាន តែការខាតបង់រៀងៗខ្លួនប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០។

ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់លោក លោក Wang បានលើកឡើងទៀតថា ចិននិងសហរដ្ឋអាមេរិក ត្រូវតែចាប់ផ្តើម ធ្វើការ សម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចសម្រាប់សេដ្ឋកិច្ចរៀងៗខ្លួនរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់សេដ្ឋកិច្ច របស់ ពិភពលោកទាំងមូលផងដែរ ក្នុងនាមជាកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ។

លោកប្រមុខការទូតចិនបានបន្តថា សហរដ្ឋអាមេរិកគួរតែឈប់ខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃទៀតទៅ ស្របពេលដែលចិនត្រៀម ខ្លួនជានិច្ចដើម្បីធ្វើការជាមួយអាមេរិក ក្រោមស្មារតីសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។

គួរជម្រាបថា ភាពតានតឹងនៃប្រទេសមហាយក្សទាំងពីរនេះ គឺកើតមានឡើងដោយសារបញ្ហាជាច្រើន រួមមានបញ្ហាពាណិជ្ជកម្ម សិទ្ធិមនុស្ស ទីក្រុងហុងកុង កោះតៃវ៉ាន់ បូករួមជាមួយបញ្ហាថ្មីចុងក្រោយបំផុត គឺវិបត្តិជំងឺរាតត្បាតជាសាកល COVID-19៕