(ហុងកុង)៖ កងកម្លាំងប៉ូលិសហុងកុងបានសម្រេចប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករប្រឆាំងរដ្ឋាភិបាលនាថ្ងៃអាទិត្យ នេះ ដែលបានចេញមកប្រមូលផ្តុំគ្នាតវ៉ាចំពោះគម្រោងរបស់ទីក្រុងប៉េកាំង ស្តីពីការចង់ដាក់ចេញនូវច្បាប់ថ្មីមួយពាក់ព័ន្ធសន្តិសុខ នៅទីក្រុងហុងកុងផ្ទាល់។ នេះបើតាមការចេញពីដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០។

ការផ្ទុះបាតុកម្មជាថ្មីឡើងវិញខាងលើនេះ នៅទីក្រុងហុងកុង គឺកើតមានបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ បានស្នើច្បាប់ថ្មីមួយស្តីពីការរឹតបន្តឹងសន្តិសុខខ្លាំងជាងមុន សម្រាប់ហុងកុង។ ប្រការនេះបានបង្កឲ្យមានការសម្តែងក្តីព្រួយបារម្ភ ពីសំណាក់រដ្ឋាភិបាលបរទេស និងក្រុមការពារសិទ្ធិមនុស្សអន្តរជាតិ ជុំវិញអនាគតនៃគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង ពីរ» របស់ទីក្រុងហុងកុង។ យ៉ាងណាមិញ រដ្ឋាភិបាលចិនបានច្រានចោលក្តីបារម្ភទាំងនេះ និងធានាថាវាមិនប៉ះពាល់អ្វីដល់ សិទ្ធិសេរីហុងកុងឡើយ។

គួរជម្រាបថា កាលពីពាក់កណ្តាលឆ្នាំ២០១៩ ការធ្វើបាតុកម្មទ្រង់ទ្រាយធំយ៉ាងកក្រើក បានផ្ទុះឡើងនៅទីក្រុងហុងកុង ដោយសារ គម្រោងអនុម័តច្បាប់របស់រដ្ឋាភិបាលក្រុងហុងកុង ស្តីពីធ្វើបត្យាប័នជនសង្ស័យទៅឲ្យអាជ្ញាធរចិន។ ទោះបីក្រោយមក រដ្ឋាភិបាលហុងកុងបានបោះ បង់គម្រោងនោះចោលវិញក៏ដោយ បាតុកម្មនៅតែបន្តអូសបន្លាយរហូតមកដល់ដើមឆ្នាំ២០២០ ដោយកុំតែមានវិបត្តិជំងឺ COVID-19 ប៉ុណ្ណោះ ទើបវាបានស្ងប់ស្ងាត់ទៅវិញ។ ប៉ុន្តែយោងតាមស្ថានការណ៍នៅថ្ងៃអាទិត្យនេះ អ្វីៗអាចនឹងវិលទៅរកភាពតានតឹងឡើងវិញ ក៏ថាបានដែរ៕