(វ៉ាស៊ីនតោន)៖ ថ្មីៗនេះអង្គភាពកងទ័ពជើងទឹកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានឲ្យដឹងថា នាវាយោធាអាមេរិកមួយគ្រឿងបាន ធ្វើតេស្តដោយជោគជ័យ លើអាវុធបាញ់កាំរស្មើឡាស៊ែរដ៏ខ្លាំងមួយ ដែលអាចកម្ទេចយន្តហោះដ្រូនដែលកំពុងតែហោះបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០។

យោងតាមរូបភាពនិងឃ្លីបវីដេអូដែលបញ្ចេញដោយកងទ័ពជើងទឹកអាមេរិកផ្ទាល់ គេឃើញមានការបាញ់កាំរស្មីឡាំស៊ែរចេញពី នាវាយោធារបស់សហរដ្ឋអាមេរិកឈ្មោះ USS Portland សំដៅទៅកាន់យន្តហោះដ្រូនមួយគ្រឿង ដែលស្ថិតនៅលើផ្ទៃអាកាស ហើយយន្តហោះដ្រូននោះក៏បានឆាបឆេះ។

គួរជម្រាបថា កងទ័ពជើងទឹកអាមេរិក មិនបានប្រាប់លម្អិតពីទីតាំងចំតែម្តង នៃការធ្វើតេស្តប្រព័ន្ធអាវុធឡាស៊ែរខាងលើឡើយ ដោយគ្រាន់តែថា វាបានប្រព្រឹត្តទៅនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៦ ខែឧសភា។ ចំណែកឯ កម្លាំងនៃថាមពល កាំរស្មីឡាស៊ែរដែលត្រូវបានប្រើប្រាស់ក្នុងការធ្វើតេស្តក៏មិនត្រូវបានបង្ហើបឲ្យដឹងដែរ ប៉ុន្តែយោងតាមរបាយការណ៍មួយកាលពី ឆ្នាំ២០១៨ អាវុធឡាស៊ែរនោះប្រហែលមានថាមពលយ៉ាងហោច១៥០គីឡូវ៉ាត់។

យោធាជើងទឹកអាមេរិកបានលើកឡើងថា អាវុធឡាស៊ែរនេះ អាចមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារនាវាប្រឆាំងជាមួយនឹង យន្តហោះដ្រូន ឬក៏កាណូតប្រយុទ្ធតូចៗ៕