(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននាថ្ងៃអាទិត្យនេះ បានបញ្ជាក់ក្នុងរបាយការណ៍ថា អ្នកឆ្លងជំងឺ COVID-19 ចំនួន៣ករណីថ្មី ទើបតែត្រូវបានរកឃើញ នៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០។

ក្នុងចំណោមករណីថ្មីទាំងនោះ មាន២ករណីជាករណីនាំចូល និង១ករណីជាការឆ្លងនៅក្នុងស្រុកផ្ទាល់។ ដោយឡែក កាលពីថ្ងៃ សៅរ៍ម្សិលមិញ អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ក្នុងរបាយការណ៍ថា ជាលើកដំបូងគឺពុំមានករណី ឆ្លងថ្មីសូម្បីតែម្នាក់ឡើយ ត្រូវបានរកឃើញនៅក្នុងប្រទេសចិន ដោយមិនថាជាករណីឆ្លងក្នុងស្រុកផ្ទាល់ ឬក៏ករណីនាំចូលនោះទេ។

គួរជម្រាបថា គិតត្រឹមពេលនេះ ចំនួនអ្នកឆ្លង COVID-19 សរុប ដែលត្រូវបានរកឃើញនៅក្នុងប្រទេសចិន មាន៨២,៩៧៤នាក់ ក្នុងនោះចំនួនអ្នកស្លាប់នៅ៤,៦៣៤នាក់ដដែល ដោយគ្មានអ្នកជំងឺថ្មីបាត់បង់ជីវិតទេ រីឯអ្នកដែលជាសះស្បើយឡើងវិញគឺមាន ៧៨,២៦១នាក់៕