(ហ្សឺណែវ)៖ អង្គការ WHO ទើបតែប្រកាសថា តំបន់អាមេរិកខាងត្បូងបានក្លាយជា ចំណុចថ្មីមួយដែលមានការឆ្លងរាលដាលខ្លាំងនៃ ជំងឺរាតត្បាតជាសកល COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០។

មន្រ្តីជាន់ខ្ពស់ WHO លោក Mike Ryan នាចុងសប្តាហ៍នេះ បាននិយាយថា តំបន់អាមេរិកខាងត្បូងអាចត្រូវចាត់ទុកជាកន្លែងផ្ទុះ រាតត្បាតខ្លាំងថ្មីនៃ COVID-19 ដោយសារបច្ចុប្បន្ននៅតាមបណ្តាប្រទេសនៃតំបន់នេះ កំពុងតែមានការកើនឡើងយ៉ាងឆាប់រហ័ស នៃករណីឆ្លង។ លោក Ryan បានសង្កត់ធ្ងន់ថា ក្នុងចំណោមប្រទេសនៅអាមេរិកខាងត្បូង គឺប្រេស៊ីលតែម្តងដែលគួរឲ្យបារម្ភជាងគេ។

គួរជម្រាបថា នាពេលនេះ បើយោងតាមទិន្នន័យពីវែបសាយ Worldometers ប្រេស៊ីលឈរនៅលេខរៀងទី២ គឺក្រោមអាមេរិកតែ មួយប៉ុណ្ណោះ នៃបណ្តាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនបំផុតនៅលើពិភពលោក។ ករណីឆ្លងនៅប្រទេសប្រេស៊ីល គឺមាន៣៤៧,៣៩៨នាក់ ក្នុងនោះស្លាប់២២,០១៣នាក់ និងជាសះស្បើយឡើងវិញ១៤២,៥៨៧នាក់ ខណៈអត្រាឆ្លងនិងស្លាប់ប្រចាំថ្ងៃ គឺមានកម្រិតខ្ពស់៕