(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានប្រាប់ឱ្យក្រសួងសុខាភិបាលរបស់លោកត្រៀមខ្លួន និងរក្សាការប្រុងប្រយ័ត្ន ពីសក្ដានុពលនៃការផ្ទុះរលកទី ២ នៃការឆ្លងរាលដាល COVID-19 ខណៈប្រទេសជាច្រើននៅលើពិភពលោក កំពុងបន្ធូរបន្ថយវិធានការរឹតត្បិត ក្រោយមើលឃើញករណីឆ្លងមានការថមថយ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន RT នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០។

លោក ពូទីន បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំមួយពាក់ព័ន្ធនឹងស្ថានភាព COVID-19 ក្នុងប្រទេសរុស្ស៊ីយ៉ាងដូច្នេះថា «យើងចាំបាច់ត្រូវតែគិតពីអ្វីដែលអ្នកជំនាញបានព្រមានពី រលកទី២ COVID-19... ដូច្នេះប្រទេសរបស់យើង ត្រូវតែត្រៀមខ្លួនឱ្យហើយសម្រាប់រលកទី ២ ដែលអាចនឹងផ្ទុះឡើងនៅចុងឆ្នាំនេះ»។ លោក ពូទីន បានបន្ថែមទៀតថា រលកទី២នៃ COVID-19 អាចនឹងផ្ទុះឡើងចាប់ពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមពេលនេះរុស្ស៊ីមានករណីឆ្លង COVID-19 សរុប ៣២៦,៤៤៨ករណី ក្នុងនោះស្លាប់ ៣,២៤៩នាក់ និងជាសះស្បើយឡើងវិញ ៩៩,៨២៥នាក់ ហើយមនុស្ស ៨.១លាននាក់បានទទួលការធ្វើតេស្ដ៕