(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ពីប្រយោជន៍ «ប្រជាជនជាធំ» នៅក្នុងកិច្ចសហប្រតិបត្តិការគ្រប់គ្រង COVID-19 ព្រមទាំងអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កំឡុងចូលរួមថ្ងៃដំបូងនៃសម័យប្រជុំពេញអង្គប្រចាំឆ្នាំនៃសភាជាតិប្រជាជនចិន (NPC) កាលពីថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០។

ថ្លែងនាឱកាសនោះ លោក ស៊ី គូសបញ្ជាក់ដូច្នេះថា៖ «ប្រឈមមុខនឹងការឆ្លងរាតត្បាត COVID-19 គណបក្សកុម្មុយនិស្ដចិន (CPC) មានគោលជំហរយ៉ាងច្បាស់លាស់ នោះគឺតម្កល់ជីវិតប្រជាជន និងសុខមាលភាព គឺជាអទិភាពមុនគេបង្អស់ ហើយយើងនឹងការពារជីវិត និងសុខភាពប្រជាជនរបស់យើង នៅគ្រប់តម្លៃទាំងអស់»។ បន្ថែមពីលើនេះ លោកប្រធានាធិបតីចិន ក៏បានអំពាវនាវផងដែរការចូលរួមប្រយុទ្ធប្រឆាំង និងលុបបំបាត់អំពើពុករលួយ។

គួរបញ្ជាក់ថា លោក ស៊ី ជិនពីង ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដចិន និងជាប្រធានគណៈកម្មការយោធាមជ្ឈិមផងនោះ ធ្វើការកត់សម្គាល់ ខាងលើ កំឡុងចូលរួមថ្ងៃដំបូងនៃសម័យប្រជុំពេញអង្គប្រចាំឆ្នាំនៃសភាជាតិប្រជាជនចិន (NPC) កាលពីថ្ងៃសុក្រ ក្នុងកិច្ចប្រជុំជាមួយសមាជិកសភាជាច្រើននាក់មកពី តំបន់ស្វយ័ត Inner Mongolia ស្ថិតនៅភាគខាងជើងប្រទេសចិន៕