(ការ៉ាជី)៖ ក្រោយករណីធ្លាក់យន្តហោះមួយគ្រឿង នៃអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) នៅក្នុងទីក្រុងការ៉ាជី កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះ អភិបាលទីក្រុងភាគខាងត្បូង ប៉ាគីស្ថានមួយនេះបានអះអាងប្រាប់សារព័ត៌មានអន្តរជាតិភ្លាមៗ ក្រោយទៅដល់កន្លែងកើតហេតុថា «គ្មានមនុស្សណាម្នាក់នៅរស់នោះឡើយ»។ នេះបើតាមការដកស្រង់ពី CNA នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០។

ប៉ុន្តែក្រោយក្រុមសង្គ្រោះ និងយោធាទៅកាន់កន្លែងកើតហេតុ រួចធ្វើការកាយគំនរយន្តហោះ Airbus A320 ព្រមទាំងស្វែងរកសាកសពជនរងគ្រោះ ចាប់តាំងពីល្ងាចថ្ងៃសុក្រ រហូតដល់ព្រឹកព្រហាមថ្ងៃសៅរ៍នេះ គេបានរកឃើញអ្នកនៅរស់ចំនួន ០២នាក់ ស្ថិតនៅក្នុងស្ថានភាពរបួសធ្ងន់ធ្ងរបំផុត។ បន្ថែមពីនេះអាកាសចរណ៍ PIA បានបញ្ជាក់ជាថ្មីថា មនុស្សនៅលើយន្តហោះ Airbus A320 នោះមានសរុប ៩៩នាក់ មិនមែន ១០៧នាក់នោះឡើយ ដូច្នេះមានន័យថា មនុស្សសរុប ៩៧នាក់បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ដ៏អកុសលបំផុតនេះ។

គួរបញ្ជាក់ថា យន្តហោះរបស់អាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន PIA បានហោះហើរពីទីក្រុង ឡាហ័រ (Lahore) នៃខេត្តផាន់ចាប់ (Punjab) សំដៅទៅទីក្រុងការ៉ាជី រួចក៏បានដាច់ការទាក់ទងនៅវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃសុក្រ ទើបក្រោយមកទៀតមានសេចក្តីរាយការណ៍ថា វាបានធ្លាក់លើតំបន់មានផ្ទះប្រជាជនច្រើន ស្ថិតនៅទីក្រុងការ៉ាជី។ សម្រាប់មូលហេតុនៃការធ្លាក់វិញ គឺមិនទាន់មានការបញ្ជាក់នោះទេ ប៉ុន្តែយន្តហោះនេះ ទើបតែត្រូវបានដាក់ឲ្យដំណើរការវិញបានមួយថ្ងៃប៉ុណ្ណោះ ក្រោយអាជ្ញាធរប៉ាគីស្ថាន ដកបំរាមហោះហើរចេញ ដែលពីមុនមកត្រូវបានដាក់ដើម្បីទប់ស្កាត់ COVID-19៕