(អូតាវ៉ា)៖ លោកស្រី អេលីហ្សាប៊ែត ម៉ារូម៉ា ម៉ារ៉េណា (Elizabeth Maruma Mrema) ដែលជាលេខាធិការស្តីទី នៃអនុសញ្ញាស្តីពីជីវចម្រុះ នៅក្នុងសប្តាហ៍នេះបាននិយាយថា ការរីករាលដាលនៃជំងឺរាតត្បាតសកល COVID-19 បានបញ្ជាក់ពីភាពចាំបាច់ជាបន្ទាន់មួយ ក្នុងការការពារជីវចម្រុះសកល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០។ 

តាមរយៈបទសម្ភាសន៍ផ្តាច់មុខ ជាមួយទីភ្នាក់ងារព័ត៌មានស៊ីនហួរ លោកស្រី Elizabeth បានសម្តែងក្តីសង្ឃឹមថា ការរីករាលដាលនៃជំងឺ COVID-19 អាចជាការដាស់តឿនដល់មនុស្សម្នា ឲ្យកែប្រែទំនាក់ទំនងកន្លងមក ដែលយ៉ាប់យឺនជាមួយធម្មជាតិ ឲ្យប្រែទៅជាល្អប្រសើរឡើងវិញ។ លោកស្រី Elizabeth Maruma បានបន្ថែមទៀតថា ការផ្សារភ្ជាប់គ្នារវាងជីវៈចម្រុះ និងសុខភាពមនុស្ស បានផ្តល់នូវឱកាសជាច្រើនសម្រាប់ការរួមសហការគ្នា ក្នុងការពារជីវចម្រុះ និងលើកកម្ពស់សុខុមាលភាពមនុស្ស។

ជាមួយគ្នានេះ លោកស្រីបានសង្កត់ធ្ងន់ទៀតថា «យើងត្រូវដោះស្រាយនូវកត្តាជាមូលដ្ឋាន នៃការកើតឡើងនៃជំងឺថ្មីៗ ដែលភាគច្រើនគឺបណ្តាលមកពីការបាត់បង់ នូវប្រព័ន្ធជីវចម្រុះនេះឯង»។ លោកស្រីបានសង្កត់ធ្ងន់ថា «ការបាត់បង់ជីវៈចម្រុះ គឺជាការគំរាមគំហែងដ៏ចម្បងដល់សុខភាព និងស្ថេរភាពនៃប្រព័ន្ធអេកូឡូស៊ី ដែលជាអ្នកទ្រទ្រង់គ្រប់ទិដ្ឋភាព នៃសង្គមរបស់យើង»

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកស្រី Elizabeth Maruma ត្រូវបានធ្វើឡើងចំទិវាជីវចំរុះអន្តរជាតិ IBD ដែលត្រូវបានប្រារព្ធឡើង កាលពីថ្ងៃសុក្រ ទី២២ ខែឧសភា ហើយក៏ចំពេលដែលមនុស្សម្នាលើផែនដី កំពុងរងគ្រោះដោយជំងឺរាតត្បាតសកល COVID-19 កាន់តែអាក្រក់ផងដែរ៕