(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មូហ៍យីដឌីន យ៉ាស់ស៊ីន (Muhyiddin Yassin) ត្រូវស្នាក់ដាច់ដោយឡែក ក្នុងផ្ទះរបស់លោក សម្រាប់រយៈពេលកំណត់ ១៤ថ្ងៃ ក្រោយពីមន្ត្រីម្នាក់ ដែលបានចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្នុងការិយាល័យរបស់លោក ត្រូវបានធ្វើតេស្ត និងចេញលទ្ធផលវិជ្ជមានចំពោះ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលម៉ាឡេស៊ី បានឲ្យដឹងនៅមុននេះបន្តិចថា «លោកនាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅឯការិយាល័យនាយករដ្ឋមន្ត្រីកាលថ្ងៃពុធ ទី២០ ខែឧសភា។ មន្ត្រីម្នាក់ដែលបានចូលរួមកិច្ចប្រជុំនោះត្រូវបានធ្វើតេស្ត និងចេញលទ្ធផលវិជ្ជមាន ចំពោះ COVID-19។ លោកនាយករដ្ឋមន្ត្រីបានទទួលការធ្វើតេស្តរួចហើយ និងចេញលទ្ធផលអវិជ្ជមាន។ ប៉ុន្តែលោក Muhyiddin Yassin នឹងត្រូវស្នាក់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃទៀតនៅផ្ទះរបស់លោកផ្ទាល់ ដែលចាប់ផ្តើមពីថ្ងៃសុក្រនេះតទៅ»

គួរបញ្ជាក់ថា ក្រៅពីលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មន្ត្រីផ្សេងៗទៀតដែលបានចូលរួមកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីខាងលើនេះ សុទ្ធតែបានចូលរួមធ្វើតេស្តរក COVID-19 និងត្រូវស្នាក់នៅដាច់ដោយឡែក ១៤ថ្ងៃដូចៗគ្នា។ គិតត្រឹមល្ងាចថ្ងៃសុក្រនេះ ម៉ាឡេស៊ីមានករណីឆ្លង COVID-19 សរុប ៧,១៣៧ករណីក្នុងនោះស្លាប់ ១១៥នាក់ និងជាសះស្បើយឡើងវិញ ៥,៨៥៩នាក់៕