(ប៉េកាំង)៖ ក្រសួងការបរទេសចិននាថ្ងៃសុក្រនេះ បានថ្កោលទោសសហរដ្ឋអាមេរិក ជុំវិញការបញ្ចេញមតិពាក់ព័ន្ធទីក្រុងហុងកុង ហើយទីក្រុងប៉េកាំងក៏បានបញ្ជាក់ទៀតថា ខ្លួនជំទាស់ដាច់ខាតចំពោះការព្យាយាមលូកលាន់ពីសំណាក់បរទេស ចូលក្នុងតំបន់រដ្ឋបាលពិសេសនេះ ហើយចិននឹងប្រឆាំងតទល់វិញដោយឥតចុះញ៉មឡើយ ប្រសិនបើអាមេរិកនៅតែប៉ុនប៉ងរុកគួនខ្លួន។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។

ការចេញប្រតិកម្មរបស់ក្រសួងការបរទេសចិនបានកើតមានឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានព្រមានមកលើប្រទេសចិន ដោយសារទីក្រុងវ៉ាស៊ីនតោនមើលឃើញថា មានការគាបសង្កត់សិទ្ធិសេរីភាពសារព័ត៌មាននៅទីក្រុងហុងកុង ហើយថ្មីៗនេះសហរដ្ឋអាមេរិក​ក៏បានធ្វើការគំរាមទីក្រុងប៉េកាំងថែមទៀត ជុំវិញសេចក្តីព្រាងច្បាប់មួយ ដែលចិនត្រៀមអនុម័ត​ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនៅហុងកុង។

គួរជម្រាបថា កាលពីខែមិថុនា ឆ្នាំ២០១៩ ការធ្វើបាតុកម្មដ៏កក្រើកបានផ្ទុះឡើង ដើម្បីប្រឆាំងនឹងសេចក្តីព្រាងច្បាប់មួយទាក់ទងទៅនឹង បញ្ហានៃការធ្វើបត្យាប័នជនសង្ស័យ។ ទោះបីជាវាត្រូវបានរដ្ឋបាលទីក្រុងហុងកុង យល់ព្រមលុបចោលវិញក៏ដោយ សកម្មភាពតវ៉ានៅតែបន្តដោយអំពើហិង្សា រហូតឆ្លងចូលមកដល់ដើមឆ្នាំ២០២០ ប៉ុន្តែនៅពេលវិបត្តិជំងឺរាតត្បាតសកល COVID-19 បានផ្ទុះឡើង ទើបសកម្មភាពតវ៉ាបានស្ងប់ស្ងាត់ទៅវិញ។ ទោះជាបែបនេះក្តី ចំពោះមុខការគ្រោងអនុម័តច្បាប់ថ្មីខាងលើ ពីសំណាក់ទីក្រុងប៉េកាំង ក្រុមសកម្មជនហុងកុងកំពុងបំផុសបំផុល ឲ្យមានការធ្វើបាតុកម្មសាជាថ្មីឡើងវិញ។

រដ្ឋាភិបាលទីក្រុងប៉េកាំងបាននិយាយថា ស្ថានការណ៍វឹកវរនាពេលកន្លងមកនៅទីក្រុងហុងកុង គឺបណ្តាលមកពីការលូកដៃជ្រៀតជ្រែកឥតឈប់ឈររបស់បរទេស​ចូលកិច្ចការផ្ទៃក្នុងនៃប្រទេសចិន ហើយទីក្រុងប៉េកាំងគាំទ្រពេញទំហឹងឲ្យអាជ្ញាធរហុងកុង ទប់ស្កាត់អំពើហិង្សានានា និងស្តារសណ្តាប់ធ្នាប់ឡើងវិញ៕