(ប៉េកាំង)៖ ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ មហាសនិ្នបាតប្រចាំឆ្នាំ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានប្រារព្ធធ្វើនៅក្រុងប៉េកាំង។ អ្នកដឹកនាំបក្ស និងរដ្ឋមានលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនជាដើម មានវត្តមានក្នុងមហាសន្និបាត។ តំណាងប្រជាជនទូទាំងប្រទេសចិនចំនួន ២,៨៩៧រូបបានចូលរួមពិធីបើក ដែលសមស្របនឹងការកំណត់ខាងច្បាប់។

ដោយរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ដូច្នេះនេះគឺជាលើកទីមួយហើយ ដែលមហាសន្និបាតប្រចាំឆ្នាំ នៃស្ថាប័នអំណាចកំពូលនៃប្រទេសចិន បានពន្យារពេលបើកធ្វើនៅខែឧសភា ក្នុងរយៈពេល ២២ឆ្នាំកន្លងមក។ ក្នុងពិធីបើកនៅថ្ងៃដដែល មុនដំបូងអង្គប្រជុំគ្រប់រូបបាន ឈរស្មឹងស្មាត ដើម្បីរំលែកទុក្ខវីរៈជនដែលបានពលីជីវិត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺនេះ ។

លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនបានរាយការណ៍អំពីការងាររដ្ឋាភិបាលក្នុងមួយឆ្នាំកន្លងទៅ ជូនមហាសន្និបាត និងលើកឡើងសេចកី្តស្នើចំពោះការងារឆ្នាំនេះ ព្រមទាំងលើកជូនឱ្យមហាសន្និបាតពិនិត្យពិភាក្សា។ ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទីពីរ នៅលើពិភពលោក តើប្រទេសចិនបានទប់ទល់នឹងផលប៉ះពាល់ ដែលបណ្តាលមកពីជំងឺកូវីដ១៩ យ៉ាងដូចម្តេច ដើម្បីសម្រេចគោលដៅកំណត់ជាស្រេច ក៏ដូចជាជំរុញកំណែទំរង់និងបើកទូលាយ ប្រការទាំងនេះត្រូវមជ្ឈដ្ឋានក្រៅចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្រៅពីនេះមហាសន្និបាតនៅមានរបៀបវារៈពីរ ដែលពាក់ព័ន្ធនឹងការងារតាក់តែងច្បាប់ គឺពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ក្រមរដ្ឋប្បវេណីដំបូងរបស់ប្រទេសចិន ព្រមទាំងសេចកី្តព្រាងច្បាប់ស្តីពីការបង្កើតរបបច្បាប់ និងយន្តការអនុវត្តឱ្យបានពេញលេញ សម្រាប់គាំពារសន្តិសុខនៃតំបន់រដ្ឋបាលពិសេសហុងកុង៕