(ប៉េកាំង)៖ ចិន បានបោះបង់ចោលការរំពឹងទុកនៃកំណើនផលិតផលសរុបនៅក្នុងស្រុក GDP ឆ្នាំ២០២០ ហើយបានសន្យាថានឹងការបង្កើនការចំណាយ និងផ្ដល់ហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់ខ្លួន។ នេះបើតាមរបាយការណ៍របស់លោកនាយករដ្ឋមន្ត្រី Li Keqiang ដកស្រង់ចេញផ្សាយដោយ​សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។

របាយការណ៍របស់លោកនាយករដ្ឋមន្ត្រី Li Keqiang ត្រូវបានចេញផ្សាយនៅថ្ងៃចាប់ផ្ដើមដំបូងនៃសម័យប្រជុំឆ្នាំសភាប្រជាជនចិន នៅថ្ងៃសុក្រនេះ។ ថ្លែងប្រាប់អង្គប្រជុំ លោក Li បាននិយាយថា ដោយសារតែភាពមិនច្បាស់ដ៏ធំសម្បើម បង្កឡើងដោយ COVID-19 ទីក្រុងប៉េកាំង នឹងផ្ដោតជាអទិភាព លើការរក្សាស្ថេរភាពការងារ និងធានាជីវិតស្ដង់ដាររបស់ប្រជាជន។ លោកបន្ថែមថា ឱនភាពសារពើពន្ធរបស់ចិន ត្រូវបានរំពឹងថានឹងមានច្រើនជាង ៣.៦ភាគរយ នៃ GDP ឆ្នាំ២០២០នេះជាមួយ កំណើនឱនភាព ១ទ្រីលានយ័ន (១៤០ពាន់លានដុល្លារ) កាលពីឆ្នាំមុន ខណៈថវិកា ៣.៧៥ទ្រីលានយ័ន នឹងត្រូវបានបញ្ចេញក្រោមក្របខណ្ឌនៃកម្ចីពិសេស របស់រដ្ឋ។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងបំផុត ដែលចិនមិនអាចសម្រេចបានគោលដៅ GDP ដែលបានកំណត់ ចាប់តាំងពីឆ្នាំ១៩៩០មក។ ម្យ៉ាងវិញទៀត មុនផ្ទុះ COVID-19 ចិនរំពឹងថាប្រកាសពីកំណើន GDP ប្រមាណ៦ភាគរយ នៅក្នុងឆ្នាំនេះ ដើម្បីសម្រេចបានគោលដៅកំណើនទ្វេដងពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០។ ប៉ុន្តែ ដោយសារ COVID-19 សេដ្ឋកិច្ចចិនបានធ្លាក់ចុះ៦.៨ភាគរយ នៅក្នុងត្រីមាសដំបូងកាលពីដើមឆ្នាំកន្លងទៅ៕