(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបាននិយាយថា សហរដ្ឋអាមេរិកនឹងមិនបិទទ្វារម្តងទៀតនោះឡើយ ក្នុងករណីមានរលកនៃការឆ្លងរាតត្បាតខ្លាំងជាលើកទីពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំា២០២០។

កំឡុងដំណើរទស្សនកិច្ច នៅឯរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន Ford នៅរដ្ឋ Michigan លោក ដូណាល់ ត្រាំ ត្រូវក្រុមអ្នកសារព័ត៌មានសួរថា តើលោកបារម្ភពីលទ្ធភាពនៃរលកឆ្លងរាតត្បាត COVID-19 ជាលើកទីពីរដែរឬក៏អត់? លោក ត្រាំ បានឆ្លើយតបដូច្នេះថា «វាមានលទ្ធភាពដែលអាចកើតឡើង ប៉ុន្តែយើងនឹងមិនបិទប្រទេសឡើយ»។ លោក ត្រាំ បានបន្តថា ការបិទប្រទេសរយៈពេលយូរ ឬមួយក៏ច្រើនលើកពេក មិនមែនជាយុទ្ធសាស្រ្តល្អឡើយ ហើយវាអាចបង្កគ្រោះមហន្តរាយ ធ្ងន់ធ្ងរដោយប្រយោល ដល់សុខភាពសាធារណៈថែមទៀតផង។

គួរជម្រាបថា រដ្ឋទាំង ៥០ របស់អាមេរិកសុទ្ធតែបានប្រកាសពីផែនការ ចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹង COVID-19 ដោយរដ្ឋទាំងអស់នោះ មានគោលដៅបើកទ្វារសេដ្ឋកិច្ចឡើងវិញ ក្នុងល្បឿនខុសៗគ្នា។ យ៉ាងណាមិញ ក្រុមអ្នកជំនាញសុខាភិបាលអាមេរិក ក៏បានព្រមានផងដែរ អំពីលទ្ធភាពនៃរលកឆ្លងរាតត្បាតខ្លាំងជាលើកទីពីរ នៅរដូវស្លឹកឈើជ្រុះ ឬរដូវរងាខាងមុខ។

គិតត្រឹមព្រឹកថ្ងៃសុក្រនេះ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ១,៦២០,៩០២ករណី ក្នុងនោះស្លាប់ ៩៦,៣៥៤នាក់ និងជាសះស្បើយវិញ ៣៨២,១៦៩នាក់។ តួលេខអ្នកស្លាប់ត្រូវបានទីភ្នាក់ងារ CDC អាមេរិករំពឹងថា នឹងកើនដល់ ១០០,០០០នាក់ នៅដើមខែមិថុនាខាងមុខនេះ៕