(អាមេរិក)៖ វេជ្ជបណ្ឌិតជាង ៥០០នាក់បានរួមគ្នាផ្ញើលិខិតមួយច្បាប់ទៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបង្ហាញនូវក្តីបារម្ភ​អំពីផលប៉ះពាល់អវិជ្ជមានផ្នែកសុខភាព ដែលអាចកើតចេញពីវិធានការរឹតបន្តឹង ដែលសំដៅទប់ស្កាត់ COVID-19 ពោលគឺការដាក់កំហិតឲ្យប្រជាជននៅក្នុងផ្ទះ ដើម្បីកាត់បន្ថយការឆ្លងជំងឺ នឹងជះផលអាក្រក់ច្រើនជាងគុណប្រយោជន៍​ដែលទទួលបានពីវាទៅទៀត។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។

ក្រុមវេជ្ជបណ្ឌិតទាំងនោះបានបង្ហាញការយល់ឃើញថា វិធានការរឹតបន្តឹងសកម្មភាពដើម្បីប្រឆាំង COVID-19 ធ្វើឲ្យប្រជានអាមេរិករាប់លាននាក់​ប្រឈមនឹងហានិភ័យ ដោយសារតែពួកគេត្រូវបានបង្ខំឲ្យខកខាន ការត្រួតពិនិត្យសុខភាពជាប្រចាំ ដែលអាចជួយឲ្យពួកគេរកឃើញជំងឺធ្ងន់ៗដូចជា មហារីក ឬក៏អាចទប់ស្កាត់ជំងឺដាច់សរសៃឈាម និងគាំងបេះដូង។

បើតាមក្រុមវេជ្ជបណ្ឌិតដដែល វិធានការរឹតបន្តឹងក៏អាចធ្វើឲ្យមាន​​ភាពតានតឹងផ្នែកសតិអារម្មណ៍កើនឡើងខ្លាំង ដោយសារតែត្រូវនៅដាច់ដោយឡែក និងបាត់បង់ការងារ ដែលជាកត្តាឈានទៅរកការធ្វើអត្តឃាត ការប្រើប្រាស់គ្រឿងញៀន និងផឹកគ្រឿងស្រវឹងលើសកម្រិតជាដើម។ ការសិក្សាមួយចំនួនក៏ធ្លាប់បានរកឃើញ​ផលវិបាកស្រដៀងៗគ្នានេះដែរ។ លិខិតខាងលើត្រូវបានផ្ញើទៅកាន់លោក ត្រាំ កាលពីថ្ងៃអង្គារកន្លងទៅនេះ។

គួរជម្រាបថា ដោយសារតែសេដ្ឋកិច្ចបានទទួលរងការប៉ះពាល់ខ្លាំង ហើយអត្រានៃការឆ្លងបានឆ្លងផុតដំណាក់កាលកំពូល អភិបាលរដ្ឋរបស់អាមេរិកភាគច្រើន បានចាប់ផ្តើមដកចេញនូវវិញនូវសេចក្តីបង្គាប់ ដែលតម្រូវឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងអនុញ្ញាតឲ្យអាជីវកម្មមួយចំនួន បើកដំណើរការឡើងវិញជាបណ្តើរៗហើយ ប៉ុន្តែការរក្សាគម្លាតសុវត្ថិភាពត្រូវគេរំពឹងថា នឹងបន្តរហូតដល់យ៉ាងហោចផុតរដូវក្តៅឆ្នាំនេះ។

ក្នុងចំណោមប្រទេសទាំងអស់នៅទូទាំងពិភពលោក សហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 ច្រើនជាងគេបង្អស់ជាមួយករណីឆ្លងចំនួនជិត ១.៦លាននាក់ ក្នុងនោះស្លាប់ជិត ៩៥,០០០នាក់គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ៕