(បាងកក)៖ ក្រុមហ៊ុនអេឡិចត្រូនិចជប៉ុន Panasonic បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា នៅឆ្នាំ២០២១ ខ្លួននឹងរើរោងចក្រផលិតទូរទឹកកក និងម៉ាស៊ីនបោកខោអាវនៅក្នុងប្រទេសថៃ ទៅកាន់ប្រទេសវៀតណាមជាមួយការកាត់បន្ថយកម្មករ ៨០០នាក់នៅក្នុងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រុមហ៊ុន Panasonic បានគូសបញ្ជាក់ប្រាប់ Reuters យ៉ាងដូច្នេះថា «Panasonic នឹងរៀបចំឡើងវិញ នូវទីតាំងផលិតបរិក្ខាប្រើប្រាស់នៅក្នុងផ្ទះ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយនឹងរើរោងចក្រផលិតទូរទឹកកក និងម៉ាស៊ីនបោកខោអាវ ចេញពីប្រទេសថៃទៅដាក់នៅប្រទេសវៀតណាមវិញ»។ អ្នកនាំពាក្យរូបនេះបន្ថែមថា Panasonic នឹងកាត់បន្ថយកម្មករ ៨០០នាក់នៅក្នុងប្រទេសថៃ ជាផ្នែកមួយនៃផែនការសន្សំសំច្ចៃថវិកា ហើយក្រុមហ៊ុននឹងព្យាយាមផ្ដល់ការងារឱ្យកម្មករមួយចំនួនប៉ុណ្ណោះ ដោយផ្អែកលើសមត្ថភាពរបស់ពួកគេ។

គួរបញ្ជាក់ថា ក្រមហ៊ុន Panasonic Appliances នៅក្នុងប្រទេសថៃ និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ នឹងបិទទ្វារនៅចុងខែមីនា ឆ្នាំ២០២១ ហើយបន្ទាប់ពីបិទទ្វារ ក្រុមហ៊ុននឹងនៅសល់កម្មករប្រមាណ ១៣,៧០០នាក់ នៅតាមរោងចក្រផលិតគ្រឿងអេឡិចត្រូនិចខ្នាតតូច និងថ្មពិលនៅក្នុងប្រទេសថៃ៕